រយៈពេល៦ខែ ឆ្នាំ២០២៦ មន្ត្រីជំនាញ CMAC រកឃើញ និងកំណត់ផ្ទៃដីជាង ២,៧០០គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម ពីការឈ្លានពានរបស់ថៃ មកលើទឹកដីកម្ពុជា (Video inside)
31-08-2026 13:58
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា នៅក្នុងរយៈលពេល៦ខែដើម ឆ្នាំ២០២៦នេះ មន្ត្រីជំនាញ CMAC បានបញ្ចប់លើ៣៥ ភូមិទាំងស្រុង ដោយបានរកឃើញផ្ទៃដីរងផលប៉ះពាល់ដោយបញ្ហាគ្រាប់បែកចង្កោមមានទំហំជាង ២,៧០០គីឡូម៉ែត្រក្រឡា ក្នុងចំណោមផ្ទៃដីរងផលប៉ះពាល់សរុបជាង ៣,៨០០គីឡូម៉ែត្រក្រឡា ដែលប្រើប្រាស់ដោយយោធាថៃ នៅក្នុងកំឡុងសង្គ្រាមឈ្លានពានលើទឹកដីកម្ពុជា កាលពីឆ្នាំ២០២៥។
ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥» ជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងសេនានុព័ន្ធយោធា ប្រចាំកម្ពុជា, លោក ហេង រតនា បានបញ្ជាក់ថា ទំហំនៃការរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនេះ ត្រូវបានចាត់ទុកថាជាទំហំដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលបានប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុងសង្គ្រាមសម័យទំនើប ដែលបានបាញ់មកលើបូណាភាពទឹកដីកម្ពុជា គឺមានទំហំធំណាស់ បើប្រៀបធៀបនឹងអ៉ីស្រាអែល បានបាញ់នៅប្រទេសលីបង់ នៅក្នុងឆ្នាំ២០០៦ បានបាញ់ប្រហែលជាង ៤លានគ្រាប់។
មេស៉ីម៉ាក់កម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅក្នុងរយៈលពេល៦ខែដើម ឆ្នាំ២០២៦នេះ គឺមន្ត្រីជំនាញ CMAC បានបញ្ចប់លើ៣៥ ភូមិទាំងស្រុង យើងបានរកឃើញ និងកំណត់គោលដៅដែលរងផលប៉ះពាល់ចំនួនជាជាង ៣,៨០០គីឡូម៉ែត្រក្រឡា ដែលក្នុងនោះមានផ្ទៃដីរងផលប៉ះពាល់ដោយបញ្ហាគ្រាប់បែកចង្កោមជាង ២,៧០០គីឡូម៉ែត្រក្រឡា»។
លោក ហេង រតនា បានគូសបញ្ជាក់ថា ចំពោះគ្រាប់ចង្កោម ដែលយោធាថៃ បាញ់លើទឹកដីកម្ពុជា ជាច្រើននេះ គឺប្រើរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ នៅក្នុងកំឡុងសង្គ្រាមឈ្លានពានលើទឹកដីកម្ពុជា អ្វីគួរហួសចិត្ត គឺយោធាថៃ បានជ្រើសរើសគោលដៅស៊ីវិល ដែលជាភូមិឋានរបស់ប្រជាពលរដ្ឋមានសាលារៀន មន្ទីពេទ្យ វត្តអារាម ផ្ទះសម្បែងប្រជាជនជាគោលដៅវាយប្រហារ មានរហូតដល់ជាង ៥ ៤០០ទីតាំង ដែលបានរកឃើញដែលគិតជាផ្ទៃដីប្រមាណជា ៣,៨០០គីឡូម៉ែត្រក្រឡា។
សូមជម្រាបថា នៅក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) មកលើទឹកដីកម្ពុជា បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ សង្កាត់ចំនួន៦០ ភូមិចំនួន ៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦៤០ ០០០នាក់ បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។
សូមបញ្ជាក់ថា អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥ភូមិ ក្នុងចំណោម ៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃ ជាង ៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។ សង្គ្រាមថៃឈ្លានពាននេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងជាពិសេស រមណីយដ្ឋានប្រាសាទដែលក្រុមស្រាវជ្រាវព័ត៌មានបានប្រមូល និងកំណត់នូវសក្ខីកម្មជាក់ស្តែងបានចំនួនជាង ១៦ ០០០សក្ខីកម្ម។
គួរឱ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានសរុប ៣៧រូប ដឹកនាំលោកវរនាវីឯក Commodore. Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា នៃសាធារណរដ្ឋហ្វីលីពីន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps Phnom Penh) ចំនួន១៦រូប មកពីសហរដ្ឋអាម៉េរិក ចិន បារាំង ឥណ្ឌា ជប៉ុន អូស្ត្រាលី រុស្ស៊ី សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសសមាជិកអាស៊ាន ដឹកនាំដោយលោកវរសេនីយ៍ KYLE SALTZMAN អនុពន្ធ័យោធាសហរដ្ឋអាមេរិក និងជាប្រធានតំណាងក្រុមអនុពន័្ធយោធាប្រចាំកម្ពុជា បានចូលស្តាប់បទបង្ហាញពីបច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥»៕



































