ក្រសួងអប់រំ បេីកប្រជុំក្រុមប្រឹក្សាវិន័យ ដេីម្បីឆ្លើយតបនឹងបាតុភាពមិនប្រក្រតីក្នុងពេលប្រឡង និងក្រោយពេលប្រឡងសញ្ញាបត្របាក់ឌុប
31-08-2026 12:47
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាវិន័យ ស្ដីពីការឆ្លើយតបនឹងបាតុភាពមិនប្រក្រតីក្នុងពេលប្រឡង និងក្រោយពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក កែវ ធីវុធ ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទនៃស្ថាប័នទាំងពីរ។
កិច្ចប្រជុំក្រុមប្រឹក្សាវិន័យឆ្លើយតបនឹងបាតុភាពមិនប្រក្រតីក្នុងពេលប្រឡង និងក្រោយពេលប្រឡង គឺជាយន្តការផ្លូវការមួយដ៏សំខាន់ និងចាំបាច់ដើម្បីពិនិត្យ ស្រាវជ្រាវ និងសម្រេចលើភាពមិនប្រក្រតី ឬអាកប្បកិរិយាខុសវិន័យរបស់មន្ត្រី ឬភាគីពាក់ព័ន្ធក្នុងអំឡុងពេល និងក្រោយពេលប្រឡង ដោយពិនិត្យវាយតម្លៃ ធ្វើកំណត់ហេតុ និងកំណត់ស្ថានទម្ងន់ទោសចំពោះករណីមិនប្រក្រតីនានាក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកន្លងទៅ ឈានទៅដាក់ចេញជាគោលការណ៍បទប្បញ្ញត្តិក្រើនរំលឹកបង្ការបាតុភាពផ្សេងៗក្នុងការប្រឡងនាពេលអនាគត សំដៅកែលម្អដំណើរការប្រឡងឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
បន្ទាប់ពីស្ដាប់របាយការណ៍ និងកិច្ចពិភាក្សារួចមកលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងក្រុមការងារទទួលបន្ទុករៀបចំការប្រឡង ជាមួយក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានខិតខំប្រឹងប្រែងឆ្លើយតប និងប្រមូលធាតុចូលយ៉ាងលម្អិត តាមរយៈការផ្លាស់ប្ដូរបទពិសោធដែលទទួលបានពីគ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ កន្លងទៅ ដោយបានបញ្ជាក់ពីការថយចុះគួរឱ្យកត់សម្គាល់នៃភាពមិនប្រក្រតី ឬបាតុភាពនានាអំឡុង និងក្រោយពេលប្រឡង ព្រមទាំងបានគូសរំលេចនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម និងសំខាន់ ជំរុញឱ្យគ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
សូមបញ្ជាក់ថា ក្រសួងបានកំណត់យកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ប្រកាសលទ្ធផលប្រឡងតាមមណ្ឌលសំណេរក្នុងរាជធានី និងតាមបណ្ដាខេត្តទាំង ២៥ នៅទូទាំងប្រទេស៕
























