FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរស្រុកស្ទោង បន្តឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខនៅទិសប្រាសាទព្រះវិហារ ដើម្បីលើកទឹកចិត្ត និងពង្រឹងស្មារតីសាមគ្គី

31-08-2026 12:26

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី រួមជាមួយសប្បុរសជនជាច្រើន បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា ទៅឧបត្ថម្ភដល់វីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅសាលាឃុំទ្រា។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងស្មារតីសាមគ្គីរវាងសមរភូមិក្រោយ និងសមរភូមិមុខ ក្នុងការការពារបូរណភាពទឹកដី។

ក្នុងឱកាសនោះ លោកអភិបាលស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរឃុំទ្រា និងសប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកកៀរគរថវិកា និងសម្ភារ ដើម្បីគាំទ្រដល់កងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងឈរជើងការពារជាតិមាតុភូមិនៅទិសខេត្តព្រះវិហារ។ ការឧបត្ថម្ភនេះមិនត្រឹមតែជាសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្ត និងពង្រឹងស្មារតីដល់កងទ័ពឱ្យបន្តបំពេញភារកិច្ចដោយមោទកភាព និងទំនួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ វីរកងទ័ពជួរមុខក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សាយ គឹមឡម និងអាជ្ញាធរឃុំទ្រា ដែលតែងតែយកចិត្តទុកដាក់ ជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តជាញឹកញាប់។

ការឧបត្ថម្ភនៅពេលនេះ គឺបានប្រគល់ជូនដល់កងអនុសេនាធំស៊ើបការណ៍ កងពលតូចអន្តរាគមន៍លេខ៨ ទិសទី១ ប្រាសាទព្រះវិហារ ដែលឈរជើងនៅភ្នំត្រងោល។ ក្នុងនោះមានថវិកាផ្ទាល់របស់លោក សាយ គឹមឡម ចំនួន ៥០ម៉ឺនរៀល រួមជាមួយថវិកា និងសម្ភារៈរបស់ព្រះគ្រូចៅអធិការវត្តហប់ និងសប្បុរសជនជាច្រើនទៀត សរុបជាទឹកប្រាក់ចំនួន ៤,៤២៥,៦០០រៀល។ សកម្មភាពមនុស្សធម៌នេះបានឆ្លុះបញ្ចាំងពីស្មារតីរួបរួមគ្នាជាធ្លុងមួយ ដើម្បីបុព្វហេតុជាតិមាតុភូមិ។