ក្រសួងទេសចរណ៍ និង WWF បង្កើនកិច្ចសហការលើការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ប្រកបដោយចីរភាព
31-08-2026 12:23
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រីបណ្ឌិត សាង លី (Dr. Sang Lee) នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ (WWF) និងលោក ជេនណេស អ៊ីម៉ាញូអែល ហ្គីនហ្គីន (Janes Imanuel Ginting) នាយកអង្គការ WWF ប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍទេសចរណ៍សហគមន៍ អេកូទេសចរណ៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងជំនួបនេះ លោក ហួត ហាក់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះអង្គការ WWF ដែលបានចូលរួមគាំទ្រដល់វិស័យទេសចរណ៍កម្ពុជា ជាពិសេសការជំរុញអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ព្រមទាំងបានអបអរសាទរលោក ជេនណេស អ៊ីម៉ាញូអែល ហ្គីនហ្គីន ក្នុងឱកាសទទួលតួនាទីជានាយកអង្គការ WWF ប្រចាំកម្ពុជា។
លោករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ តាមរយៈការដាក់ចេញ «គោលនយោបាយជាតិអេកូទេសចរណ៍ ឆ្នាំ២០១៩-២០៣០» និងការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ព្រមទាំងកំណត់យកថ្ងៃទី១៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំ «វេទិកាជាតិអេកូទេសចរណ៍»។
លោក ហួត ហាក់ បានគូសបញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ មិនត្រឹមតែជួយបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងធ្វើពិពិធកម្មគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋមូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក ព្រមទាំងរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ។
លោករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ដើម្បីធានាឱ្យវិស័យនេះរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោក ហួត ហាក់ បានគូសរំលេចថា ក្រសួងទេសចរណ៍បាន និងកំពុងពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ តាមរយៈការបណ្តុះបណ្តាលជំនាញសំខាន់ៗ រួមមាន បដិសណ្ឋារកិច្ច មគ្គុទ្ទេសក៍ទេសចរណ៍សហគមន៍ ការឆុងកាហ្វេ ការចម្អិនម្ហូប និងភេសជ្ជៈ ការរៀបចំផ្ទះស្នាក់សហគមន៍ និងស្តង់ដារទេសចរណ៍ផ្សងព្រេងក្នុងព្រៃ។
ក្នុងឆ្នាំ២០២៥ ក្រសួងទេសចរណ៍បានផ្តល់ការបណ្តុះបណ្តាលដល់សហគមន៍ចំនួន២៤ ដែលមានសិក្ខាកាមប្រមាណ ១,០០០នាក់ ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៦ បានបណ្តុះបណ្តាលសហគមន៍ចំនួន១៣ ដែលមានសិក្ខាកាមចំនួន ៧០០នាក់។
ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការពង្រឹងភាពជាដៃគូ និងលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ និងអង្គការ WWF ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព ជាពិសេសលើការអភិវឌ្ឍទេសចរណ៍សហគមន៍ អេកូទេសចរណ៍ ការកសាងសមត្ថភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕









