FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បង្ហាញសំណល់គ្រាប់របស់ថៃ ដែលឈ្លានពានកម្ពុជា ជូនមន្ត្រីសេនានុព័ន្ធយោធា និង AOT

31-08-2026 12:18

(ភ្នំពេញ)៖ ទង្វើបំពានច្បាប់របស់ថៃ ឈ្លានពានដីកម្ពុជា មិនបានកប់ចោលនោះឡើយ អាជ្ញាធរគ្រប់ផ្នែករបស់កម្ពុជា បន្តធ្វើសកម្មភាពដូចភ្លៀងរលឹមរំលេចនូវទង្វើបំពានច្បាប់របស់ថៃ ទៅកាន់វេទិកាអន្តរជាតិ និងប្រទេសជាមិត្ត។ សប្តាហ៍មុនកម្ពុជាប្រើវេទិកា ISC លាតត្រដាងទង្វើអាក្រក់របស់ថៃ នៅថ្ងៃចន្ទ សប្តាហ៍ថ្មីនៃខែកញ្ញា លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានធ្វើបទបង្ហាញស្តីពីស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ ដែលបានបន្សល់ទុកនៅលើ​បូរណភាពទឹកដីកម្ពុជា ក្នុងអំឡុងសង្គ្រាមឈ្លានពានទាំងពីរលើកកាលពីឆ្នាំ២០២៥ ជូនដល់មន្ត្រីសេនានុព័ន្ធ​យោធា (តំណាងយោធាប្រទេសជាមិត្តប្រចាំនៅកម្ពុជា) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT។

បទបង្ហាញនេះធ្វើឡើងនៅទីបញ្ជាការ CMAC ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ និង​មន្ត្រីពាក់ព័ន្ធនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាជាច្រើនរូបទៀត។

បទបង្ហាញនេះ ធ្វើឡើងមានគោលបំណងផ្តល់ព័ត៌មានលម្អិត និងច្បាស់លាស់អំពីផលប៉ះពាល់ និងបញ្ហា​ប្រឈម​នានាដែលបណ្តាលមកពីសំណល់យុទ្ធភណ្ឌទាំងនោះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា​ក្នុងការ​ដោះស្រាយបញ្ហានេះដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ។

វត្តមានរបស់មន្ត្រីសេនានុព័ន្ធយោធា និងក្រុមអ្នកសង្កេតការណ៍អាស៊ាននឹងរួមចំណែកយ៉ាង​សំខាន់ក្នុងការ​ស្វែង​យល់​ស៊ីជម្រៅអំពីស្ថានភាពជាក់ស្តែង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

លោក ហេង រតនា បានបញ្ជាក់ថា CMAC បាននិងកំពុងបន្តជំរុញការបោសសម្អាតគ្រាប់​សំណល់យុទ្ធ​ភណ្ឌ​សង្គ្រាមសៀមឈ្លានពាន តាមតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ស្របតាមគោលដៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញនូវបទបញ្ជាឱ្យធ្វើសកម្មភាព​ចាំបាច់​ជាអាទិភាព សម្រាប់ធានាជូនប្រជាពលរដ្ឋក្នុងការវិលត្រឡប់ ទៅលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព។

សូមជម្រាបថា គ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន បន្សល់ទុកគ្រាប់ជាច្រើន ដូចជាសំណល់​គ្រាប់បែក​ចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់សារធាតុគីមី អាវុធគីមី ក៏ដូចជាគ្រាប់ដ្រូន (Drone) ជាដើម។ សង្គ្រាមថៃឈ្លានពានកម្ពុជាទាំងពីរលើកកាលពីឆ្នាំ២០២៥ បានបង្កឱ្យមានផលប៉ះពាល់ដល់​បូរណភាព​ទឹកដីកម្ពុជា ដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌ ដែលបានធ្វើឱ្យប៉ះពាល់ភូមិប្រមាណ ៣៤០ភូមិ ប៉ះពាល់ផ្ទៃដី ៤៤១ ០០០ហិកតា និងបានប៉ះពាល់ចំនួន ៩១ ០០០គ្រួសារ៕