FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានជលផល បញ្ជាក់ជូនជាថ្មីនូវធនធានជលផលកំពុងរងគ្រោះថ្នាក់មានចំនួនសរុប ៥៨ប្រភេទ ក្នុងនោះមានទឹកសាប ២៩ប្រភេទ និងទឹកប្រៃ ២៩ប្រភេទ

31-08-2026 11:51

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ជូនជាថ្មីនូវធនធានជលផលកំពុងរងគ្រោះថ្នាក់មានចំនួនសរុប ៥៨ប្រភេទ ក្នុងនោះមានទឹកសាប ២៩ប្រភេទ និងទឹកប្រៃ ២៩ប្រភេទ។

អគ្គនាយកដ្ឋានជលផល ខិតខំអប់រំ និងផ្សព្វផ្សាយអំពីប្រភេទធនធានទាំងនេះតាមគ្រប់មធ្យោបាយនិងគ្រប់ទីកន្លែង ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋនិងអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសតាមរយៈ Facebook បានចូលរួមចែករំលែកព័ត៌មាន និងពិភាក្សាប្រកបដោយគំនិតស្ថាបនា ដែលរួមចំណែកពង្រីកការយល់ដឹងអំពីប្រភេទជលផលទាំងនេះឱ្យកាន់តែទូលំទូលាយ។

បើតាមប្រភពដដែល បានឱ្យដឹងថា ជាក់ស្តែង បងប្អូនជាច្រើនបានលែងប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ទាំងនេះត្រឡប់ទៅកាន់ដែនទឹកធម្មជាតិវិញ ដែលជាទង្វើគួរឱ្យសរសើរនិងជាគំរូល្អសម្រាប់សង្គមទាំងមូល។

អគ្គនាយកដ្ឋានជលផល សូមបញ្ជាក់ជូនជាថ្មីថា ធនធានជលផលកំពុងរងគ្រោះថ្នាក់មានចំនួនសរុប ៥៨ ប្រភេទ ដែលក្នុងនោះមាន ទឹកសាប២៩ ប្រភេទ និងទឹកប្រៃ២៩ ប្រភេទ ត្រូវបានកំណត់ដោយអនុក្រឹត្យលេខ១២៣ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩។
ការកំណត់នេះគឺដោយសារតែផលស្តុកប្រភេទទាំងនេះនៅក្នុងធម្មជាតិបានថយចុះពី ៥០ ទៅ ៨០ភាគរយ។

យោងតាមមាត្រា២១ នៃច្បាប់ស្តីពីជលផល ការចាប់ ការទិញ ការលក់ ការប្រមូលផល ការកែច្នៃ ការធ្វើសន្និធិ ការដឹកជញ្ជូន ការនាំចេញ ឬនាំចូល នូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ទាំងនេះ ត្រូវបានហាមឃាត់ លុះត្រាតែមានលិខិតអនុញ្ញាតពីអង្គភាពជំនាញទទួលបន្ទុកជលផលប៉ុណ្ណោះ៕