កម្ពុជាត្រៀមសហការជាមួយវៀតណាម និងប្រទេសមេគង្គ អភិវឌ្ឍទេសចរណ៍ MICE និងទេសចរណ៍ពហុគោលដៅ
31-08-2026 11:09
(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញថ្លែងសុន្ទរកថាក្នុងវេទិកាទេសចរណ៍ថ្នាក់ខ្ពស់ស្តីពីទេសចរណ៍ MICE (Meetings, Incentives, Conferences, and Exhibitions Tourism) ដែលរៀបចំក្នុងក្របខណ្ឌពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2026 នៅទីក្រុងហូជីមិញ។
វេទិកានេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី Pham Thi Thanh Tra ឧបនាយករដ្ឋមន្ត្រីវៀតណាម ដោយមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍មកពីបណ្តាប្រទេសក្នុងតំបន់ ថ្នាក់ដឹកនាំស្ថាប័នសាធារណៈ និងឯកជន អ្នកជំនាញអន្តរជាតិ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។
ក្នុងសុន្ទរកថា លោក ហួត ហាក់ បានគូសបញ្ជាក់ថា ទេសចរណ៍ MICE គឺជាវិស័យដ៏មានសារៈសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច បង្កើតឱកាសវិនិយោគ ពង្រឹងការតភ្ជាប់ធុរកិច្ច ជំរុញការផ្ទេរចំណេះដឹង និងលើកកម្ពស់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន។
លោករដ្ឋមន្ត្រី បានលើកឡើងថា ការអភិវឌ្ឍទេសចរណ៍ MICE នាពេលអនាគត គួរផ្តោតលើអាទិភាពសំខាន់៣ រួមមាន ការច្នៃប្រឌិត (Innovation) និរន្តរភាព (Sustainability) និងការតភ្ជាប់ (Connectivity) ដើម្បីបង្កើតតម្លៃរយៈពេលវែងសម្រាប់សេដ្ឋកិច្ច ប្រជាពលរដ្ឋ និងវិស័យទេសចរណ៍ក្នុងតំបន់។
ទន្ទឹមនឹងនេះ លោក ហួត ហាក់ បានគូសរំលេចពីសក្តានុពលនៃការអភិវឌ្ឍទេសចរណ៍ពហុគោលដៅ (Multi-destination Tourism) រវាងកម្ពុជា វៀតណាម និងបណ្តាប្រទេសក្នុងតំបន់មេគង្គ ដោយលើកទឹកចិត្តឱ្យប្រទេសជិតខាងមើលគ្នាទៅវិញទៅមកជាដៃគូយុទ្ធសាស្ត្រ និងជាគោលដៅទេសចរណ៍ដែលបំពេញបន្ថែមគ្នា ជាជាងជាគូប្រកួតប្រជែង។
លោកបានលើកជាឧទាហរណ៍ថា កិច្ចប្រជុំ ឬសន្និសីទនៅទីក្រុងហូជីមិញ អាចភ្ជាប់ជាមួយដំណើរទស្សនកិច្ចលើកទឹកចិត្តទៅកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប ដើម្បីផ្តល់បទពិសោធន៍ទេសចរណ៍កាន់តែសម្បូរបែបដល់ភ្ញៀវអន្តរជាតិ និងបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ក្នុងតំបន់ទាំងមូល។
លើសពីនេះ លោករដ្ឋមន្ត្រី បានបង្ហាញពីសក្តានុពលរបស់កម្ពុជាក្នុងការអភិវឌ្ឍជាគោលដៅសម្រាប់ការរៀបចំព្រឹត្តិការណ៍ MICE និងព្រឹត្តិការណ៍អន្តរជាតិធំៗ។ រាជធានីភ្នំពេញកំពុងអភិវឌ្ឍជាគោលដៅសម្រាប់កិច្ចប្រជុំរដ្ឋាភិបាល និងធុរកិច្ចអន្តរជាតិ ខណៈខេត្តសៀមរាប តំបន់ឆ្នេរ តំបន់ទន្លេមេគង្គ និងតំបន់អេកូទេសចរណ៍ មានសក្តានុពលខ្ពស់សម្រាប់កម្មវិធីលើកទឹកចិត្ត និងដំណើរទស្សនកិច្ចមុន និងក្រោយសន្និសីទ។
លោក ហួត ហាក់ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ការតភ្ជាប់ ធនធានមនុស្ស និងកិច្ចសហការជាមួយវិស័យឯកជន និងដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយគុណភាព និរន្តរភាព និងបរិយាបន្ន។
ជាចុងក្រោយ លោករដ្ឋមន្ត្រី បានអំពាវនាវដល់បណ្តាប្រទេសក្នុងតំបន់ ដៃគូទេសចរណ៍ វិស័យឯកជន និងអ្នករៀបចំព្រឹត្តិការណ៍អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការរៀបចំកញ្ចប់ទេសចរណ៍ MICE រួមគ្នា ការអនុវត្តស្តង់ដារទេសចរណ៍បៃតង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ MICE ក្នុងតំបន់កាន់តែមានភាពប្រកួតប្រជែង ភាពធន់ និងរីកចម្រើនរួមគ្នាប្រកបដោយនិរន្តរភាព៕





