FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេទិកាសម្ព័ន្ធសង្គមស៊ីវិល បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រជាជននិងប្រជាជន ដើម្បីរួមចំណែកកសាង «សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ»

31-08-2026 10:25

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ លោក ដួង វិរ័ត្ន អនុប្រធានប្រចាំការវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានដឹកនាំគណៈប្រតិភូកម្ពុជាចេញដំណើរ ដើម្បីចូលរួមសន្និសីទសង្គមស៊ីវិលអាស៊ី-ប៉ាស៊ីហ្វិក ដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះរៀបចំ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ APEC ដោយមានតំណាងនិងប្រតិភូអន្តរជាតិចូលរួមសរុបប្រមាណ ៣០០នាក់។

បន្ទាប់ពីបញ្ចប់សន្និសីទ គណៈប្រតិភូកម្ពុជានឹងបន្តចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធរបស់បណ្តាសង្គមស៊ីវិលតាមបណ្តាញផ្លូវសូត្រ (SIRONET) នៅតំបន់នានាក្នុងប្រទេសចិន។

ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក ដួង វិរ័ត្ន នឹងដឹកនាំគណៈប្រតិភូសង្គមស៊ីវិលអន្តរជាតិមកពី ១៦ប្រទេស ដែលមានសមាសភាពសរុប ២៧រូប ដើម្បីចូលរួមវេទិកាផ្លាស់ប្តូរទស្សនៈ បទពិសោធ និងការអនុវត្តគម្រោងសង្គមនានា ដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននិងសហគមន៍។

តាមរយៈវេទិកា SIRONET និងដំណើរទស្សនកិច្ចនេះ លោក ដួង វិរ័ត្ន នឹងចែករំលែកបទពិសោធរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រជាជននិងប្រជាជនកម្ពុជា-ចិន ព្រមទាំងបង្ហាញពីតួនាទីរបស់សង្គមស៊ីវិលក្នុងការប្រែក្លាយមិត្តភាពនិងទំនាក់ទំនងរវាងប្រជាជន ទៅជាកិច្ចសហប្រតិបត្តិការនិងគម្រោងជាក់ស្តែង ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន និងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់សហគមន៍។

ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាវេទិកាសម្រាប់ចែករំលែកបទពិសោធនិងចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរួមចំណែកក្នុងការកសាងនិងការពង្រីកបណ្តាញកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលនៃបណ្តាប្រទេសនានា ដើម្បីរួមគ្នាបង្កើត «កម្លាំងពីប្រជាជនដើម្បីប្រជាជន» និងជំរុញកិច្ចសហប្រតិបត្តិការដែលមានភាពបើកចំហ បរិយាបន្ន ស្មើភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

ការដឹកនាំគណៈប្រតិភូអន្តរជាតិរបស់លោក ដួង វិរ័ត្ន គឺជាជំហានថ្មីមួយទៀតសម្រាប់សង្គមស៊ីវិលកម្ពុជា ក្នុងការពង្រឹងតួនាទីនិងការចូលរួមរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ តួនាទីនេះមិនត្រឹមតែបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងវេទិកាអន្តរជាតិដែលរៀបចំនៅប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការចូលរួមរបស់សង្គមស៊ីវិលកម្ពុជា ក្នុងការពង្រឹងមិត្តភាព ការយោគយល់គ្នា និងការផ្លាស់ប្តូររវាងប្រជាជននៃបណ្តាប្រទេសនានា។

ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការនេះក៏ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធ រួមគ្នាស្វែងរកនិងបង្កើតគំនិតផ្តួចផ្តើម ដើម្បីអនុវត្តគម្រោងដែលមានលក្ខណៈជាក់ស្តែង ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននិងសហគមន៍ ព្រមទាំងរួមចំណែកលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនិងការយោគយល់គ្នា រវាងប្រជាជននៃបណ្តាប្រទេសនានា ដើម្បីរួមគ្នាកសាង «សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ»៕