កម្មវិធីរត់កម្សាន្ត «រត់ដើម្បីសុខភាព មិត្តភាព រវាងកងកម្លាំង និងប្រជាពលរដ្ឋ» នៅសៀមរាប បញ្ចប់ដោយជោគជ័យ
30-08-2026 18:27
(សៀមរាប)៖ កម្មវិធីរត់កម្សាន្តក្រោមប្រធានបទ «រត់ដើម្បីសុខភាព មិត្តភាព រវាងកងកម្លាំង និងប្រជាពលរដ្ឋ» ដែលរៀបចំឡើងដោយកងរាជអាវុធហត្ថខេត្តសៀមរាប រួមសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ចប់ទៅដោយជោគជ័យ និងពោរពេញដោយភាពសប្បាយរីករាយ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប។
ការរត់កម្សាន្តនេះត្រូវបានបង្កើតឡើងដោយមានរយៈចម្ងាយ ៣គីឡូម៉ែត្រ និង ៥.៥គីឡូម៉ែត្រ ក្នុងគោលបំណងសំខាន់ៗជាច្រើន រួមមាន៖ លើកកម្ពស់សុខភាពសាធារណៈ បង្កើនសាមគ្គីភាព បង្កើតបរិយាកាសសប្បាយរីករាយរួមគ្នា លើកកម្ពស់ការហាត់ប្រាណ និងពង្រឹងភាពស្និទ្ធស្នាលរវាងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋ។ ព្រឹត្តិការណ៍នេះក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយស្មារតីសាមគ្គីភាព និងការហាត់កីឡាដើម្បីរក្សាសុខភាពល្អទាំងអស់គ្នា។
កងរាជអាវុធហត្ថខេត្តសៀមរាប មានកិត្តិយស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា បងប្អូន ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមរត់កម្សាន្ត និងឧបត្ថម្ភគាំទ្រសម្រាប់កម្មវិធីដ៏មានអត្ថន័យនេះ។
ជាពិសេស ក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន និងស្ថាប័នឧបត្ថម្ភនានា រួមមាន ក្រុមហ៊ុន ភេសជ្ជៈ គីងកុង, ក្រុមហ៊ុន ថិមភល គ្រុប, ប្រេងកូឡា ណាហ្គាបាម, គ្រួសារហៃវិន, សភាពាណិជ្ជកម្មខេត្តសៀមរាប ឧត្តរមានជ័យ, STARBALM SPORT CARE, ធានារ៉ាប់រង Manulife, នំប៉ាវ ខ្លឹមខ្មែរ និងនំមង្គលខ្មែរ ម៉ាកចែវី ដែលបានរួមចំណែកធ្វើឱ្យកម្មវិធីនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ព្រឹត្តិការណ៍នេះបានបង្ហាញពីការរួបរួមគ្នាយ៉ាងរឹងមាំរវាងកងកម្លាំង និងប្រជាពលរដ្ឋ ដើម្បីសុខភាព និងសាមគ្គីភាពសង្គម៕














































