សិស្សានុសិស្សជាង២០០នាក់ ទទួលបានការពិនិត្យ និងកាត់វែនតាដោយមិនគិតថ្លៃ នៅវិហារឥស្លាមគីឡូម៉្រែតលេខ៩
30-08-2026 16:10
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ លោក រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ កាត់វ៉ែនតា និងព្យាបាលភ្នែកដល់សិស្សានុសិស្ស ចំនួន២០៩នាក់ នៅវិហារឥស្លាមគីឡូម៉្រែតលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
កម្មវិធីខាងលើ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងសុខាភិបាល ក្រោមការឧបត្ថម្ភរបស់អង្គការមូលនិធិហ្វេតហូឡូ និងមានការចូលរួមសម្របសម្រួលដោយសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា រាជធានីភ្នំពេញ និងខណ្ឌឬស្សីកែវ។
ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃសុខភាពភ្នែកសម្រាប់ការសិក្សា និងជីវភាពប្រចាំថ្ងៃរបស់សិស្សានុសិស្ស។ លោកបន្តថា ភ្នែក គឺជាបង្អួចសម្រាប់ឱ្យយើងមើលឃើញពិភពលោក និងជាសេរីរាង្គ ក៏ដូចជាឧបករណ៍ដ៏សំខាន់សម្រាប់ការសិក្សា និងការរស់នៅប្រចាំថ្ងៃ។ សម្រាប់សិស្សានុសិស្ស ការមើលឃើញបានច្បាស់ មានសារៈសំខាន់ ខ្លាំងណាស់ចំពោះការអានសៀវភៅ ការសរសេរ ការមើលក្តារខៀន ការប្រើប្រាស់បច្ចេកវិទ្យា និងការចូលរួមក្នុងសកម្មភាព សិក្សាផ្សេងៗ។
លោកបានវាយតម្លៃខ្ពស់ចំពោះ គំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងរបស់អ្នករៀបចំកម្មវិធីដែលរួមមាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងជាពិសេសការចូល រួមឧបត្ថម្ភពីអង្គការមូលនិធិហ្វេតហូឡូ ក្រុមគ្រូពេទ្យ អ្នកជំនាញ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមផ្តល់សេវាដ៏មានអត្ថប្រយោជន៍នេះ ជូនដល់សិស្សានុសិស្សនាពេលនេះ។
លោកបានបន្ថែមថាសកម្មភាពនេះ គឺពិតជាស្របទៅនឹងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបន្តវេន ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាម្ចាស់ឆ្នោត ក្នុងការចូលរួមកាត់បន្ថយការចំណាយ និងការផ្តល់ជូននូវសេវាសុខមាលភាព ទទួលបាននូវការអប់រំចំណេះដឹងដែលមានគុណភាព និងប្រសិទ្ធភាព។
លោកបានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពភ្នែករបស់ខ្លួន ហើយគួរចៀសវាងការប្រើប្រាស់ទូរស័ព្ទដៃ កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិករយៈពេលយូរពេក ដោយត្រូវសម្រាកភ្នែកជាប្រចាំ អានសៀវភៅនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់ រក្សាអនាម័យភ្នែក និងទៅពិនិត្យភ្នែកនៅពេលមានអាការៈមិនប្រក្រតី។ ជាពិសេស សម្រាប់អ្នកដែលត្រូវបានវាស់ និងផ្តល់វ៉ែនតា សូមពាក់វ៉ែនតាឱ្យ បានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់អ្នកជំនាញ។
លោកបានអំពាវនាវដល់ លោកគ្រូ អ្នកគ្រូ និងមាតាបិតា/អាណាព្យាបាល ឱ្យបន្តយកចិត្តទុកដាក់ចំពោះសុខភាពភ្នែក របស់សិស្សានុសិស្ស។ ប្រសិនបើសង្កេតឃើញកូនៗ មានការខិតភ្នែក ឬប៉ប្រិចភ្នែកញឹកញាប់ អង្គុយជិតក្តារខៀនពេក ឈឺក្បាល ពិបាក អាន ឬមានរោគសញ្ញាផ្សេងៗពាក់ព័ន្ធនឹងការមើលឃើញ សូមនាំពួកគេទៅពិនិត្យជាមួយអ្នកជំនាញឱ្យបានទាន់ពេលវេលា៕
