សមាគមថ្នាលយុវជនកម្ពុជា ជួបសំណេះសំណាល និងប្រគល់សេចក្ដីសម្រេចជូនថ្នាក់ដឹកនាំប្រចាំសាខាខេត្តកណ្ដាល និងអនុសាខាក្រុង ស្រុកចំនួន៣
30-08-2026 14:43
(កណ្តាល)៖ សមាគមថ្នាលយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីប្រជុំសំណេះសំណាល និងប្រគល់សេចក្ដីសម្រេច ជូនដល់ថ្នាក់ដឹកនាំប្រចាំសាខាសមាគមថ្នាលយុវជនកម្ពុជាខេត្តកណ្ដាល ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ នៅស្នាក់ការសមាគមថ្នាលយុវជនកម្ពុជានៅក្រុងតាខ្មៅខេត្តកណ្ដាល។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ម៉ៅ ផល្លា ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនកម្ពុជា និងលោក ទួន សុខុន អនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានប្រចាំការគណៈអចិន្ត្រៃយ៍សមាគម ដោយមានការអញ្ជើញចូលរួមពី លោក រិទ្ធ រាជសីហ៍ ប្រធានកិត្តិយសស្ដីទីសាខាសមាគមថ្នាលយុវជនខេត្តកណ្ដាល លោក សេង សុងលី ប្រធានប្រតិបត្តិសមាគមថ្នាលយុវជនខេត្តកណ្ដាល និង អនុប្រធាន ប្រធានផ្នែក ប្រធានអនុសាខា សមាជិក សមាជិកា មួយចំនួនទៀតក្នុងខេត្តកណ្ដាលទាំងមូលផងដែរ។
ក្នុងឱកាសនោះ គណៈអធិបតីបានអញ្ជើញប្រគល់សេចក្ដីសម្រេចជាផ្លូវការ ជូនដល់ថ្នាក់ដឹកនាំសមាគមថ្នាលយុវជនកម្ពុជាសាខាខេត្តកណ្ដាល ដើម្បីដឹកនាំ និងពង្រឹង ពង្រីករចនាសម្ព័ន្ធដឹកនាំដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់យុវជនក្នុងមូលដ្ឋានក្នុងខេត្តកណ្តាលទាំងមូល។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្តល់នូវអនុសាសន៍ណែនាំ និងដាក់ទិសដៅការងារសំខាន់ៗ ដើម្បីតម្រង់ទិសដល់យុវជនឱ្យបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពក្នុងសង្គម និងការអភិវឌ្ឍសមត្ថភាពបន្ថែមទៀត។
បន្ទាប់ពីបានបញ្ចប់កម្មវិធីផ្លូវការប្រកបដោយលទ្ធផលផ្លែផ្កា គណៈអធិបតី ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ បានអញ្ជើញចូលរួមពិសារ «នំបញ្ចុកសាមគ្គីភាព» រួមគ្នា ដើម្បីរឹតចំណងមិត្តភាព ក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងសមាជិកសមាគមទាំងមូល ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕




































