រដ្ឋបាលខេត្តក្រចេះ លែងកូនត្រី ២០ម៉ឺនក្បាល ចូលបឹងធម្មជាតិ ដើម្បីអភិរក្សធនធានជលផល
30-08-2026 13:08
(ខេត្តក្រចេះ)៖ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីលែងកូនត្រី និងត្រីមេពូជចំនួន ២០ម៉ឺនក្បាល ចូលទៅក្នុងបឹងធម្មជាតិ ត្រង់ចំណុចស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ (ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ) ពិធីនេះធ្វើឡើងក្រោមប្រធានបទ «រួមគ្នាថែរក្សាធនធានជលផល ដើម្បីអនាគតខ្មែរ»។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក គាង អ៊ាង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ដួង ពៅ អភិបាលរងខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនោះ លោក ដួង ពៅ បានបញ្ជាក់ថា ធនធានមច្ឆជាតិ គឺជាសម្បត្តិធម្មជាតិដ៏សំខាន់ដែលត្រូវអភិរក្ស ព្រមទាំងជាសសរស្តម្ភក្នុងការទ្រទ្រង់សន្តិសុខស្បៀងជាតិ ការផ្គត់ផ្គង់ប្រភពប្រូតេអ៊ីន និងជាប្រភពចំណូលផ្ទាល់សម្រាប់ជីវភាពគ្រួសារប្រជាពលរដ្ឋ។
លោកអភិបាលរងបានបន្តថា ការលែងកូនត្រី និងត្រីមេពូជ គឺជាសកម្មភាពជាក់ស្តែងក្នុងការដោះស្រាយបញ្ហាប្រឈមនៃការថយចុះផលស្តុកមច្ឆជាតិ ព្រមទាំងជាការស្តារឡើងវិញនូវប្រព័ន្ធជីវចម្រុះ និងអេកូឡូស៊ីក្នុងទឹកធម្មជាតិ ឱ្យមានចីរភាព។
ដើម្បីធានាបាននូវភាពជោគជ័យយូរអង្វែង, លោក ដួង ពៅ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍មូលដ្ឋាន ក្នុងការគោរពច្បាប់នេសាទយ៉ាងម៉ឺងម៉ាត់ ក្នុងរដូវបិទនេសាទ និងរដូវត្រីពងកូន។
លោកក៏បានសង្កត់ធ្ងន់លើការបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលបំផ្លាញធនធានជលផល និងបរិស្ថានទឹកទាំងមូល។ រដ្ឋបាលខេត្តក្រចេះសង្ឃឹមយ៉ាងមុតមាំថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងជួយបង្កើនទិន្នផលត្រីធម្មជាតិឱ្យកាន់តែសម្បូរបែប សម្រាប់បម្រើផលប្រយោជន៍សង្គមជាតិទាំងបច្ចុប្បន្ន និងអនាគត៕







