ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ៥៦រូប នៅឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង
30-08-2026 13:06
(ព្រៃវែង)៖ លោក គឹម វណ្ណា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ពពិល នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៥៦រូប នៅក្នុងឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ការប្រកាសបញ្ចូលសមាជិកគណបក្សថ្មីទាំង ៥៦រូបនេះ គឺជាសក្ខីភាពបញ្ជាក់ពីការគាំទ្រយ៉ាងខ្លាំងក្លា និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែខិតខំប្រឹងប្រែងបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។
ក្នុងឱកាសនោះ លោក ឈុន សារ៉ាត ប្រធានគណបក្សស្រុកពារាំង និងលោក ចេម ប្រា ប្រធានយុវជនគណបក្សស្រុកពារាំង ក៏បានអញ្ជើញចូលរួមយ៉ាងសកម្មផងដែរ ដើម្បីស្វាគមន៍ និងលើកទឹកចិត្តដល់សមាជិកថ្មីទាំងអស់។
លោក គឹម វណ្ណា បានថ្លែងកោតសរសើរចំពោះការសម្រេចចិត្តរបស់សមាជិកថ្មី ដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើន។
លោក គឹម វណ្ណា បានសង្កត់ធ្ងន់ថា ការចូលរួមរបស់សមាជិកថ្មី គឺជាកម្លាំងចលករដ៏សំខាន់មួយទៀត ដែលនឹងជួយពង្រឹងមូលដ្ឋានគណបក្សឱ្យកាន់តែរឹងមាំ និងបន្តបេសកកម្មបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
លោកបានបញ្ជាក់បន្ថែមថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននាំមកជូនប្រទេសជាតិ និងប្រជាជន តាមរយៈនយោបាយឈ្នះឈ្នះ ដែលមានរយៈពេលជាច្រើនឆ្នាំកន្លងទៅ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើមពោរពេញដោយសមត្ថភាព, ចំណេះដឹង និងថាមពល បាននិងកំពុងបន្តខិតខំ បំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ដោយមិនខ្លាចការនឿយហត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ និងប្រជាជន។
ពាក់ព័ន្ធនឹងការប្រកាសទទួលស្គាល់សមាជិកបក្សថ្មីនាព្រឹកថ្ងៃនេះ, លោក គឹម វណ្ណា បានសូមឱ្យសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោត ១សន្លឹក របសគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ខាងមុខនេះ ដើម្បីយើងមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើនរុងរឿងបន្ថែមទៀត៕















