សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាព លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន សម្តេចព្រះមហាក្សត្រី
30-08-2026 11:37
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦នេះ បានផ្ញើសាររំលែកទុក្ខជូនលោក អ៊ុំ ដារ៉ាសិទ្ធី ឯកអគ្គរាជទូតអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ ចំពោះមរណភាព លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលត្រូវជាបងប្រុសបង្កើត ដែលបានទទួលមរណភាព នៅថ្ងៃសៅរ៍ ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦:២៥នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
សាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារថា ៖ «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយឯកឧត្តម និងក្រុមគ្រួសារនៃសព ចំពោះ ការបាត់បង់នូវបង់ប្រុសបង្កើត ស្វាមី ឪពុក ឪពុកក្មេក និងជាជីតា ជាទីគោរពស្រលាញ់ប្រកបដោយ ព្រហ្មវិហារធម៌ និងសង្គហធម៌គំរូមួយរូបរបស់ប្អូន ភរិយា កូនៗ កូនប្រសារ និងចៅប្រុសចៅស្រី។
មរណភាព របស់ឯកឧត្តម អ៊ុំ ដារ៉ាវុធ គឺជាការបាត់បង់ធំធេងនូវមន្ត្រីជាន់ខ្ពស់ដ៏ឆ្នើម និងគំរូមួយរូប ប្រកបដោយវីរភាព ដ៏ថ្លៃថ្លាបម្រើការងារពោរពេញដោយបទពិសោធ និងស្នាដៃជាច្រើន ជាពិសេស ពេញមួយជីវិតឯកឧត្តម បានលះបង់គ្រប់បែបយ៉ាងឥតងាករេ និងប្រកបដោយស្វាមីភក្តិចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ។
យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម អ៊ុំ ដារ៉ាវុធ សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕


