អភិបាលខេត្តកំពត ជំរុញការថែរក្សា និងដាំដើមត្នោតបន្ថែមដើម្បីជាអត្តសញ្ញាណជាតិខ្មែរ និងផលប្រយោជន៍សេដ្ឋកិច្ច, ខណៈកូនត្នោត ២ម៉ឺនដើមត្រូវបានដាំ
30-08-2026 11:20
(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋឱ្យរួមគ្នាថែរក្សាដើមត្នោតដែលបានដាំដុះរួចហើយ ព្រមទាំងបន្តដាំបន្ថែមទៀត ដើម្បីធានាបាននូវការលូតលាស់ល្អ និងទទួលបានផលប្រយោជន៍ច្រើន ព្រោះដើមត្នោត គឺជាអត្តសញ្ញាណដ៏សំខាន់របស់ជាតិខ្មែរ។
ការណែនាំនេះធ្វើឡើងក្នុងឱកាសដែលលោក និងលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារចុះដាំកូនត្នោតចំនួន ៣ ០០០ដើម នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរសាទរ «រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៦»។
លោកអភិបាលខេត្តបានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើននៃដើមត្នោត ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែដើមត្នោតគឺជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិដ៏រឹងមាំ តំណាងឱ្យទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត ម៉ៅ ធនិន បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ថែរក្សា ការពារ និងបន្តដាំដើមត្នោតឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ពិសេស លោកបានផ្តួចផ្តើមគំនិតដល់គូស្វាមីភរិយាថ្មី ដែលរស់នៅតាមបណ្តោយព្រំដែន ឱ្យចូលរួមដាំដើមត្នោតម្នាក់មួយដើម ពេលមកចុះសំបុត្រអាពាហ៍ពិពាហ៍ ដើម្បីទុកជាកេរ្តិ៍ដំណែល និងជាចំណែកជួយការពារព្រំដែនធម្មជាតិ។
ពិសេស លោកអភិបាលខេត្តបានផ្តួចផ្តើមគំនិតដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រំដែន «កម្ពុជា-វៀតណាម» ឱ្យចូលរួមបង្កើតអនុស្សាវរីយ៍ប្រកបដោយអត្ថន័យ ដោយគូស្វាមី ភរិយាថ្មី ពេលមកចុះសំបុត្រអាពាហ៍ពិពាហ៍ អាចឆ្លៀតចូលរួមដាំដើមត្នោត ម្នាក់មួយដើម ដើម្បីទុកជាកេរ្តិ៍ដំណែល និងជាចំណែកជួយការពារព្រំដែនធម្មជាតិឱ្យកាន់តែមានភាពស្រស់បំព្រងតរៀងទៅ។
លោកអភិបាលខេត្ត បានបន្តថា នេះជាលើកទី៤ហើយ ដែលបានធ្វើពិធីដាំកូនត្នោតចំនួន ៣ពាន់ដើម បន្ទាប់ពីបានដាំចំនួន ៣ដងរួចមកហើយក្នុងស្រុកកំពង់ត្រាច កាលពីឆ្នាំ២០២២-២០២៣ និងឆ្នាំ២០២៤ ដែលទាំង៤លើកនេះ សរុបកូនត្នោតបានដាំចំនួន ២ម៉ឺនដើម។ ការដាំដើមត្នោតតាមបណ្តោយព្រំដែន «កម្ពុជា-វៀតណាម» នេះ គឺមានគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការទាញផលប្រយោជន៍ពីដើមត្នោត ក៏ដូចជានាពេលទៅអនាគត តំបន់ទាំងនេះនឹងអាចក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ តាមរយៈការមកទស្សនាកម្សាន្ត និងទិញផលិតផល ដែលធ្វើចេញពីដើមត្នោតផងដែរ។
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា នាពេលកន្លងមក មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានរៀបចំពិធីដាំដើមត្នោត ចំនួន ៣លើកមកហើយ នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម នៅក្នុងស្រុកកំពង់ត្រាច។
*លើកទី១៖ នៅឆ្នាំ២០២២ ដាំដើមត្នោត នៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ១០គីឡូម៉ែត្រ ដែលមានកូនត្នោតចំនួន ៥ ០០០កូន ពីចំណុចតន់ហន់ ស្ថិតនៅភូមិព្រៃព្រូស ភូមិព្រះទ្រហឹង ភូមិកោះត្នោត និងភូមិកោះតាកូវ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។
*លើកទី២៖ នៅឆ្នាំ២០២៣ ដាំដើមត្នោត នៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែន «កម្ពុជា-វៀតណាម» ប្រវែង ៥គីឡូម៉ែត្រ ដែលមានកូនត្នោត ចំនួន ៧ ៥០០ដើម នៅចំណុចអន្លង់ថ្ងាន់ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
*លើកទី៣៖ នៅឆ្នាំ២០២៤ ដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែន «កម្ពុជា-វៀតណាម» ប្រវែង ៣គីឡូម៉ែត្រ ដែលមានកូនត្នោត ចំនួន ៤ ៥០០ដើម នៅចំណុចកោះវែង ស្ថិតក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
*លើកទី៤៖ ក្នុងឆ្នាំ២០២៦ ដាំកូនត្នោតចំនួន ៣ ០០០ដើម ស្ថិតនៅភូមិសំរោងចិន ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ដែលសរុបទាំង៤លើក កូនត្នោតទាំងអស់ចំនួន ២០ ០០០ដើម៕

















