តំណាងបណ្ឌិត គុណ ញឹម ជួបសំណេះសំណាល និងប្រគល់អំណោយសប្បុរសធម៌ដល់អង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា
30-08-2026 11:15
(ភ្នំពេញ)៖ លោក អន ស៊ីនួន ប្រធាននាយកដ្ឋានរដ្ឋាករនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាតំណាងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារសប្បុរសធម៌នៃសមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយសប្បុរសធម៌ជូនអង្គការ បុគ្គលិក និងកុមារកំព្រាសរុប ៨២រូប នៅអង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា (CSW) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អំណោយសប្បុរសធម៌ដែលបានប្រគល់ជូនរួមមាន៖ អង្ករ ១,០០០គីឡូក្រាម, ស្ករស ១០០គីឡូក្រាម, អំបិល ១០០គីឡូក្រាម, មី ៣០កេសតូច, ប្រេងឆា ៤ដបធំ, ត្រីខ ៥កេសធំ, ទឹកត្រី ១០យួរ, ទឹកស៊ីអ៉ីវ ១០យួរ, សាប៊ូដុំលាងដៃ ១កេសធំ, សាប៊ូម្សៅ ២កេស, សាប៊ូកក់សក់ ១កេស, ឈុតសម្ភារសិក្សា ៦៨ឈុត, សៀវភៅរឿងនិទាន ១០០ក្បាល និងថវិកាមួយចំនួន។
នាឱកាសនោះដែរ លោក អន ស៊ីនួន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់បណ្ឌិត គុណ ញឹម និងលោកស្រី ប៉ាន់ ត្រាប្រណី ជូនចំពោះថ្នាក់ដឹកនាំ បុគ្គលិក និងកុមារទាំងអស់។
លោកបានជម្រាប ជូនពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ទោះបីកម្ពុជាកំពុងប្រឈមនឹងបញ្ហាទំនាស់ព្រំដែនជាមួយប្រទេសថៃ ផលប៉ះពាល់ពីការឡើងថ្លៃប្រេងនិងឧស្ម័នឥន្ធនៈ និងបញ្ហាប្រឈមនានាក្តី។
លោក អន ស៊ីនួន ក៏បានវាយតម្លៃខ្ពស់ចំពោះការលះបង់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ ក្នុងការអប់រំ និងបីបាច់ថែរក្សាកុមារ ព្រមទាំងលើកទឹកចិត្តឱ្យកុមារខិតខំសិក្សារៀនសូត្រ នៅឱ្យឆ្ងាយពីគ្រឿងញៀន និងចូលរួមបង្ការជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ។
តាងនាមគណៈគ្រប់គ្រង បុគ្គលិក និងកុមារទាំងអស់ លោក ណី សាកល អគ្គនាយក និងលោក ទៀង សាម៉ន នាយកប្រតិបត្តិ នៃអង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជា បានសម្តែងនូវសេចក្តីរីករាយចំពោះអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លានេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកបណ្ឌិត គុណ ញឹម និងលោកស្រី ប៉ាន់ ត្រាប្រណី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងសប្បុរសជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ចូលរួមឧបត្ថម្ភ និងគាំទ្របេសកកម្មរបស់អង្គការជាប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន។
ការគាំទ្រដ៏ខ្ជាប់ខ្ជួន និងប្រកបដោយសមានចិត្តនេះ មិនត្រឹមតែបានរួមចំណែកសម្រាលការលំបាក និងបំពេញតម្រូវការចាំបាច់របស់អង្គការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវភាពកក់ក្តៅ ក្តីសង្ឃឹម និងកម្លាំងចិត្តដ៏មានតម្លៃដល់បុគ្គលិក និងកុមារទាំងអស់ឱ្យបន្តដំណើរឆ្ពោះទៅរកអនាគតដ៏ប្រសើរផងដែរ៕
