អ្នកជំនួញក្នុងវិស័យដឹកជញ្ជូន ស្នើកាត់បន្ថយនិតិវិធីបំពេញបែបបទឯកសារច្រើន និងជំរុញឌីជីថលនីយកម្ម ដើម្បីបង្កើនប្រសិទ្ធភាពនាំចេញ-នាំចូល (Video inside)
30-08-2026 08:13
(ភ្នំពេញ)៖ ក្រុមអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូននាំចេញនាំចូលទំនិញ បានលើកឡើងថា នីតិវិធីនៃការបំពេញបែបបទឯកសារច្រើន គឺជាឧបសគ្គមួយដល់ការចេញនាំចូលទំនិញនៅកម្ពុជា ដែលពួកគេបានស្នើឲ្យមានការកាត់បន្ថយនីតិវិធីទាំងនេះ ព្រមទាំងជំរុញការធ្វើឌីជីថលនីយកម្ម ដើម្បីឲ្យស្របទៅនឹងការរីកចម្រើនរបស់ប្រទេស។
ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) បានគូសបញ្ជាក់ថា បញ្ហាឯកសារច្រើនធ្វើឲ្យនីតិវិធីស្មុគស្មាញ និងចំណាយពេលយឺតយ៉ាវនាំចេញទំនិញ។ លោកបានស្នើឲ្យមានគោលនយោបាយ «គ្មានក្រដាស» (paperless) «ឯកសារតែមួយ (single document)» និង «ការដាក់ស្នើតែមួយ (single submission)» ដើម្បីសម្រួលដល់ការបំពេញបែបបទបញ្ចេញទំនិញពីគយឲ្យបានរហ័ស និងទាន់ពេលវេលា។
ជាមួយគ្នានេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឌីជីថលនីយកម្មគ្រប់ក្រសួងទាំងអស់ ដើម្បីជៀសវាងការឆ្លងកាត់ឯកសារដោយផ្ទាល់ ដែលអាចបង្កឲ្យមានការពន្យារពេល។
ទន្ទឹមគ្នានេះ លោកក៏បានស្នើឲ្យមានកំពង់ផែ ឬស្ថានីយ៍តែមួយសម្រាប់នាំចេញនាំចូលកសិផល និងផលិតផលផ្សេងៗ ដែលនឹងជួយកាត់បន្ថយពេលវេលា និងនីតិវិធីត្រួតពិនិត្យពីស្ថាប័នពាក់ព័ន្ធជាច្រើន ពី ៣ ទៅ ៤ ថ្ងៃមកត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ដោយសារនាំចេញកសិផលស្រស់ ត្រូវការពេលវេលាលឿន ខណៈការបំពេញបែបជាក្រដាស ពេលខ្លះត្រូវចំណាយលើសេវាក្រៅផ្លូវការផងដែរ។
ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូន ឡាញហលអិចប្រេស បានបន្ថែមថា វិស័យភស្តុភារកម្ម និងដឹកជញ្ជូនត្រូវបានវាស់វែងលើសូចនាករ ៦ ចំណុច រួមមានហេដ្ឋារចនាសម្ព័ន្ធ គយ ពេលវេលា ថ្លៃដើម ភាពជឿជាក់ និងការប្រកួតប្រជែង។ លោកបានសង្កត់ធ្ងន់ថា «ពេលវេលា» គឺជាកត្តាសំខាន់បំផុតដែលត្រូវកែលម្អ ដើម្បីជួយសម្រួលដល់អ្នកផលិត និងការនាំចូល។
ក្រុមអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូន លើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូននិងភស្តុភារកម្មសម្រាប់ភាពប្រកួតប្រជែងក្នុងពាណិជ្ជកម្មសកល» ដែលចំឡើងដោយសភាពាណិជ្ជកម្មនាពេលថ្មីៗនេះ។
សូមស្តាប់ការលើកឡើងបន្ថែមរបស់ក្រុមអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូន៖













