FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងពីជំនួញ៖ នាយកប្រតិបត្តិឥណទាន SME Bank បង្ហាញលក្ខខណ្ឌវាយតម្លៃក្នុងការផ្តល់កម្ចី ដល់អាជីវកម្មចង់ពង្រីកផលិតកម្ម និងអាជីវកម្ម​ចាប់ផ្តើមថ្មី ដោយមិនផ្តោតតែលើវត្ថុបញ្ចាំ (video inside)

30-08-2026 08:04

​(ភ្នំពេញ)៖ លោក អឿ វិបុល ​នាយកប្រតិបត្តិឥណទាន SME Bank បានគូសបញ្ជាក់អំពីលក្ខខណ្ឌ​វាយតម្លៃ​ក្នុងការផ្តល់កម្ចីដល់អាជីវកម្មខ្នាតតូច និងមធ្យម (SME) ដែលមានបំណងពង្រីកផលិតកម្ម ក៏ដូចជាអាជីវកម្មចាប់ផ្តើមថ្មី ដោយមិនផ្តោតសំខាន់តែលើវត្ថុបញ្ចាំនោះទេ។ ​

លោក​បានពន្យល់ថា ក្នុងការវាយតម្លៃឥណទាននឹងពិនិត្យលើចំណុចសំខាន់ៗជាច្រើន រួមមាន​ ការកំណត់អត្តសញ្ញាណអាជីវកម្ម ភាពស្របច្បាប់ សមត្ថភាពគ្រប់គ្រង ប្រវត្តិអាជីវកម្ម និងស្ថិរភាព។ លើសពីនេះ ធនាគារនឹងវាយតម្លៃលើគោលបំណងនៃការប្រើប្រាស់កម្ចីថា តើវាអាចជួយជំរុញអាជីវកម្មឱ្យរីកចម្រើនបានកម្រិតណា។ ការពិនិត្យមើលស្ថានភាពចំណូល-ចំណាយ ប្រវត្តិបំណុលជាមួយធនាគារផ្សេងៗ និងឯកសារគាំទ្រនានាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការសម្រេចចិត្តផងដែរ។

លោក​បន្តថាសម្រាប់អាជីវកម្មដែលខ្វះខាតវត្ថុបញ្ចាំគ្រប់គ្រាន់ SME Bank មានផលិតផលឥណទានជាច្រើនដើម្បីឆ្លើយតប។ ក្នុងនោះ អាជីវកម្មអាចទទួលបានកម្ចីរហូតដល់ ៥០,០០០ ដុល្លារ ដោយមិនចាំបាច់មានទ្រព្យធានា។ លើសពីនេះ ធនាគារក៏មានផលិតផលដែលប្រើប្រាស់ការធានាពីសាជីវកម្មធានាឥណទាន ដែលអាចផ្តល់កម្ចីរហូតដល់ ៥០ ម៉ឺនដុល្លារ។ ចំពោះករណីដែលមានទ្រព្យធានាមិនគ្រប់គ្រាន់ ធនាគារអាចផ្តល់បន្ថែមលើតម្លៃទ្រព្យរហូតដល់ ១៥ ម៉ឺនដុល្លារទៀត។ ថ្មីៗនេះ SME Bank ក៏កំពុងអនុវត្តសាកល្បងនូវកម្មវិធីផ្តល់ឥណទានពិសេសសម្រាប់អាជីវកម្មកែច្នៃស្វាយចន្ទីនាំចេញ ដើម្បីជួយពួកគេឱ្យមានលទ្ធភាពទទួលការបញ្ជាទិញធំៗពីបរទេស។

លោក អឿ វិបុល ​លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «មូលដ្ឋាននៃការវាយតម្លៃកម្ចី អាជីវកម្ម​នៅកម្ពុជា»៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក អឿ វិបុល ៖