FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ការពង្រឹងសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពបច្ចេកទេស ជាមូលដ្ឋានគ្រឹះសម្រាប់ក្លាយខ្លួនជាគ្រូពេទ្យថ្លៃថ្នូរ

29-08-2026 21:17

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា បានថ្លែងថា ការកសាងវិស័យសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ រីកចម្រើន និងមានកិត្តិយស គឺជាគោលដៅរួមដែលទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីសំណាក់គ្រូពេទ្យគ្រប់រូប។ ក្នុងន័យនេះលោកសាស្ត្រាចារ្យ បានគូសបញ្ជាក់ពីសារៈសំខាន់នៃសីលធម៌វិជ្ជាជីវៈ និងជំនាញបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះសម្រាប់ក្លាយខ្លួនជាគ្រូពេទ្យថ្លៃថ្នូរ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងវេទិកាវេជ្ជសាស្ត្រ និងកម្មវិធីផ្សព្វផ្សាយស្តីពីច្បាប់ ក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ ព្រមទាំងការផ្តើមដាក់ MEDPro «Medical Ethics, Deontology and Professionalism» ទៅក្នុងកម្មវិធីសិក្សារបស់និស្សិតពេទ្យ នៅថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ នាសាកលវិទ្យាល័យអន្តរជាតិ ។ពិធីខាងលើនេះក៏មានការចូលរួមពីលោក ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអគ្គលេខាធិការគណៈគ្រូពេទ្យកម្ពុជា ថ្នាក់ដឹកនាំសាកលវិទ្យាល័យ លោកសាស្តរាចារ្យ វេជ្ជបណ្ឌិត និងនិស្សិតវេជ្ជសាស្ត្រជាច្រើនទៀត។

លោកសាស្ដ្រាចារ្យបានលើកឡើងទៀតថា «ក្រៅពីចំណេះដឹង និងសមត្ថភាពបច្ចេកទេសខ្ពស់ គ្រូពេទ្យក៏ត្រូវមានសីលធម៌វិជ្ជាជីវៈផងដែរ ដើម្បីធានាបាននូវគុណភាពនៃការផ្ដល់សេវា និងទំនុកចិត្តពីសាធារណជន ហើយគ្រូពេទ្យល្អ មិនមែនគ្រាន់តែជាគ្រូពេទ្យដែលពូកែព្យាបាលជំងឺទេ ប៉ុន្តែជាគ្រូពេទ្យដែលអ្នកជំងឺអាចទុកចិត្តបាន»។ ដូច្នេះការបន្តពង្រឹងគុណភាពអប់រំ ការបណ្ដុះបណ្ដាល និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គឺនៅតែជាកត្តាចាំបាច់ ដើម្បីធានាអនាគតដ៏រុងរឿងសម្រាប់វិស័យសុខាភិបាល ពិសេសសុខុមាលភាពប្រជាជន»។

លោកបានបញ្ជាក់ទៀតថា សាកលវិទ្យាល័យមិនត្រឹមតែជាកន្លែងផ្តល់ចំណេះដឹង និងជំនាញប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងបណ្តុះសីលធម៌ គុណតម្លៃ មនសិការ និងអត្តសញ្ញាណវិជ្ជាជីវៈ ប្រកបដោយគុណវុឌ្ឍិច្បាស់លាស់ដល់និស្សិតពេទ្យ មុននឹងពួកគេចាប់ផ្ដើមអនុវត្តការងារ ឬក្លាយជាអ្នកជំនាញដែលមានសមត្ថភាព សុចរិតភាព មនុស្សធម៌ និងការទទួលខុសត្រូវ។

ទោះនៅក្នុងយុគសម័យ AI នេះក៏ដោយ សីលធម៌ក៏កាន់តែមានសារៈសំខាន់ ព្រោះថា AI អាចជួយក្នុងការវិភាគទិន្នន័យ ធ្វើរោគវិនិច្ឆ័យ និងគាំទ្រការសម្រេចចិត្ត ប៉ុន្តែមិនអាចជំនួស មនសិការ មនុស្សធម៌ ការវិនិច្ឆ័យប្រកបដោយសីលធម៌ និងការទទួលខុសត្រូវរបស់គ្រូពេទ្យ បានឡើយ។

ដូច្នេះឆ្លៀតក្នុងឱកាសចាប់ផ្តើមដាក់ដំណើរការ MEDPro «Medical Ethics, Deontology and Professionalism» ទៅក្នុងកម្មវិធីសិក្សារបស់និស្សិតពេទ្យនាពេលនេះ លោកសាស្ដ្រាចារ្យ ឡឹម តារា ក៏បានផ្តល់សារសារណែនាំដល់និស្សិត និងគ្រូពេទ្យវ័យក្មេងចំនួន ៥ចំណុចសំខាន់ៗ៖
រៀនវេជ្ជសាស្ត្រឱ្យពូកែ ប៉ុន្តែរៀន Ethics ឱ្យជាប់ចិត្ត។
កុំសួរតែ «តើខ្ញុំអាចធ្វើបានទេត្រូវសួរ «តើខ្ញុំគួរធ្វើដែរឬទេ
គោរពអ្នកជំងឺ មុននឹងរំពឹងឱ្យអ្នកជំងឺគោរពយើង។
ការហ៊ាននិយាយថា «ខ្ញុំមិនចេះ ឬត្រូវការជំនួយ» នៅពេលចាំបាច់ គឺជាភាពជាអ្នកវិជ្ជាជីវៈ (Professionalism)
កសាងកិត្តិយសវិជ្ជាជីវៈចាប់ពីថ្ងៃនេះតទៅ។

ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់ក៏បានលើកនូវចំណុចសំខាន់ៗ
ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងប្រពន្ធ័សុខាភិបាលកម្ពុជា និងបានអំពាវនាវដល់សាស្ត្រាចារ្យ និងគ្រូបង្រៀនវេជ្ជសាស្ត្រទាំងអស់ «សូមធ្វើជាគំរូ មុននឹងធ្វើជាអ្នកបង្រៀន» ព្រោះនិស្សិតមិនត្រឹមតែរៀនពីអ្វីដែលយើងបង្រៀនទេ ប៉ុន្តែរៀនពីអ្វីដែលយើងធ្វើ។ ប្រសិនបើយើងចង់ឱ្យនិស្សិតគោរពអ្នកជំងឺ មានសុចរិតភាព និងគោរពច្បាប់ យើងត្រូវបង្ហាញជាគំរូជាមុនសិន។

ក្នុងនាមជាប្រធានគណៈគ្រូពេទ្យកម្ពុជា លោកសាស្ដ្រាចារ្យ ឡឹម តារា ក្រៅពីខិតខំប្រឹងប្រែងថែរក្សាឱ្យបាននូវស្តង់ដារជាស្នូល រួមទាំងអភិវឌ្ឍនូវវិជ្ជាជីវៈវេជ្ជសាស្ដ្រនេះឱ្យថ្កុំថ្កើងរុងរឿង លោកក៏បានប្តេជ្ញាបន្តសហការជាមួយក្រសួងសុខាភិបាល សាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាល មន្ទីរពេទ្យ និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីពង្រឹងសីលធម៌ វិជ្ជាជីវៈនិយម និងការគោរពច្បាប់ សំដៅសម្រេចបាននូវ គុណភាព សុវត្ថិភាព និងទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕