មន្រ្តីឧទ្យានុរក្សបន្តចុះល្បាត និងទប់ស្កាត់ការកាប់រានដីព្រៃ ១២ករណី ក្នុងឧទ្យានជាតិគិរីរម្យនៅ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែសីហា
29-08-2026 20:02
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះល្បាត និងបង្ក្រាបការទន្ទ្រានដីព្រៃខុសច្បាប់ ការបោះបង្គោលហ៊ុមព័ទ្ធ និងសំណង់ខុសច្បាប់ចំនួន១២ករណី នៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» និងមានផ្ទៃដីប្រមាណ ៥ហិកតា។
ជាមួយគ្នានេះ ក្រុមការងារបានបង្រ្កាបការកាប់គាស់ ឆ្ការ ដុត ទន្រ្ទានដីព្រៃ ធ្វើជាសិទ្ធិខុសច្បាប់បានចំនួន ៣ករណី និងមានផ្ទៃដីទំហំជាង២ ហិកតា។ ក្រុមការងារបានបង្កាបការដាក់អន្ទាក់ ចំនួន១ករណី និងបានដោះអន្ទាក់បានចំនួន ១៥ខ្សែ និងសត្វស្វាចំនួន ១ក្បាល។
លើសពីនេះ ក្រុមការងារបានរៀចំសំណុំរឿងតាមនីតិវិធីច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីបញ្ជូនទៅតុលាការ។ ជាមួយគ្នានេះ អនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់ អនុវត្តវិធានការអាទិភាពចំនួន ៣គឺ ទី១ ការទប់ស្កាត់ និងការពារ, ទី២ ការរៀបចំសណ្តាប់ធ្នាប់ និងទី៣ ការអភិវឌ្ឍប្រកបដោយចីរភាព៕














