FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសភាអាស៊ែបៃហ្សង់ តាមរយៈសម្តេចតេជោ ហ៊ុន សែន ស្នើសុំកម្ពុជា គាំទ្រលោកស្រីជាបេក្ខភាពប្រធានសហភាពអន្តរសភា (IPU) (Video inside)

29-08-2026 19:58

(ភ្នំពេញ)៖ លោកស្រី Sahiba GAFAROVA ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានស្នើសុំការគាំទ្រពីសំណាក់កម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យជួយគាំទ្រលោកស្រីជាបេក្ខភាពប្រធានសហភាពអន្តរសភា (IPU) ដែលលោកស្រី គឺជាបេក្ខភាពមួយរូបសម្រាប់ឈរជាប្រធាននៃ IPU។

ការស្នើសុំបែបនេះរបស់លោកស្រី Sahiba GAFAROVA បានធ្វើឡើងនៅក្នុងជំនួបជជែកការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦នេះ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា លោកស្រី Sahiba GAFAROVA បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ហ៊ុន សែន បានដែលបានទទួលជួបជាមួយលោកស្រីតាមរយៈការសន្ទនាតាម Video Conference នៅពេលនេះ។ លោកស្រី Sahiba GAFAROVA បានលើកឡើងថាលោកស្រីរីករាយណាស់ដែលបានជួបសន្ទនាជាមួយសម្ដេចតេជោ ហ៊ុន សែន សារជាថ្មី។

នៅក្នុងឱកាសនោះលោកស្រី Sahiba GAFAROVA ក៏បានអបអរចំពោះកម្ពុជា ដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភាអន្តរសភា នៃអន្តរសភា ដែលទើបតែបញ្ចប់ទៅដោយជោគជ័យនៅពេលថ្មីៗនេះ។

លោកស្រីប្រធានសភាអាស៊ែបៃហ្សង់ ក៏បានជម្រាបសម្ដេចតេជោ ដោយអញ្ជើញសម្ដេចទៅទស្សនកិច្ចនៅអាស៊ែបៃហ្សង់ នៅពេលខាងមុខ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនឹងពិនិត្យមើលនូវពេលវេលាសមស្រប ដើម្បីទៅទស្សនកិច្ចសារជាថ្មីនៅក្នុងប្រទេសអាស៊ែបៃហ្សង់។

បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះសំណើររបស់លោកស្រីដែលស្វែងរកការគាំទ្រពីកម្ពុជា នៅក្នុងបេក្ខភាពរបស់លោកស្រី គឺជាប្រធាន IPU ដែលនឹងបោះឆ្នោតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខាងមុខ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់កម្ពុជានឹងពិចារណាដោយយកចិត្តទុកដាក់ និងមានការអនុគ្រោះចំពោះការស្នើរបស់អាស៊ែបៃហ្សង់ នៅពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ ដែលមានភាពល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងតែសហការគ្នាយ៉ាងល្អ។ សម្ដេចតេជោ ក៏បានរម្លឹកអំពីសារបានដែលសម្ដេចធ្លាប់ទៅទស្សនកិច្ចនៅក្នុងប្រទេសមួយនេះជាបន្តបន្ទាប់៕