លោកបណ្ឌិត ឃួន សុវណ្ណ ចុះសួរសុខទុក្ខ និងចែកអំណោយជូនវីរកងទ័ពទិសថ្មរដា ខេត្តពោធិ៍សាត់
29-08-2026 19:53
(ពោធិ៍សាត់)៖ លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា រួមជាមួយក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់វីរកងទ័ពសមរភូមិមុខនៅទិសថ្មដា ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសដ៏មានអត្ថន័យនេះ លោកបណ្ឌិត ឃួន សុវណ្ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីយ៉ាងអង់អាចក្លាហាន។ លោកបានសង្កត់ធ្ងន់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរកងទ័ព ប្រជាពលរដ្ឋទូទៅ និងក្រុមគ្រួសាររបស់ពួកគាត់ជានិច្ច។
លោកបណ្ឌិត ឃួន សុវណ្ណ បានគូសបញ្ជាក់ថា ការចែកជូនអំណោយនាពេលនេះ គឺជាការបង្ហាញពីសាមគ្គីភាព និងការដឹងគុណរបស់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជនចំពោះវីរភាពរបស់កងទ័ព ដែលតែងតែឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនយ៉ាងសកម្ម។
សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការរួមសុខរួមទុក្ខជាមួយកងទ័ពជួរមុខគ្រប់កាលៈទេសៈ ដើម្បីធានាសន្តិភាព និងការអភិវឌ្ឍសម្រាប់ជាតិមាតុភូមិ។








