ខេត្តបាត់ដំបង និងក្រុងគួយយ៉ាង ចុះអនុស្សរណៈយោគយល់គ្នា បង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ
29-08-2026 19:52
(ខេត្តគួយចូវ)៖ រដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលក្រុងគួយយ៉ាង ខេត្តគួយចូវ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MOU) ដ៏សំខាន់មួយ ដើម្បីបង្កើតចំណងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ។
ពិធីនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅសាលាក្រុងគួយយ៉ាង ក្រោមអធិបតីភាពរបស់លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោក Wang Hong អភិបាលក្រុងគួយយ៉ាង។
ការចុះអនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន បច្ចេកវិទ្យា និងកសិកម្មវៃឆ្លាត ទេសចរណ៍ និងវប្បធម៌ វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងខេត្តទាំងពីរ។ តាមរយៈកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹងបង្កើតចំណងមិត្តភាពដ៏រឹងមាំ ដោយឈរលើគោលការណ៍ស្មើភាព ជឿជាក់ និងគោរពគ្នាទៅវិញទៅមក។
ភាគីទាំងពីរបានប្តេជ្ញាចិត្តសហការគ្នាលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម អប់រំ វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្លាស់ប្តូរអន្តរតំបន់ ដោយផ្អែកលើគោលការណ៍ផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ជាពិសេស ភាគីទាំងពីរនឹងរួមគ្នាលើកកម្ពស់វិស័យកសិឧស្សាហកម្មក្នុងខេត្តបាត់ដំបង និងទីក្រុងគួយយ៉ាង ដោយផ្តោតលើការកែច្នៃអាហារដូចជា អង្ករ សាច់ ត្រី និងផ្លែឈើ។
លើសពីនេះ កិច្ចសហប្រតិបត្តិការនេះក៏នឹងជំរុញឱ្យមានការផ្លាស់ប្តូររវាងវិស័យឯកជន ដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ការផ្លាស់ប្តូរធនធានមនុស្ស និងវិស័យពាក់ព័ន្ធផ្សេងៗទៀត។ កិច្ចសហប្រតិបត្តិការនេះរំពឹងថានឹងនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃខេត្តទាំងពីរ។


