អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តនាំយកអំណោយសប្បុរសធម៌ជូនអង្គការមូលនិធិកុមារ និងនិស្សិតក្រីក្រកម្ពុជា ជាលើកទី៦
29-08-2026 18:32
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ លោក ភិន សុភារក្ស ប្រធាននាយកដ្ឋានគ្រប់គ្រងការនាំចេញ តំណាងបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌របស់សមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីផ្ដល់ជូនអង្គការមូលនិធិកុមារ និងនិស្សិតក្រីក្រកម្ពុជា ដែលមានទីតាំងស្ថិតក្នុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អំណោយសប្បុរសធម៌ដែលបាននាំយកទៅជូនអង្គការរួមមាន៖ អង្ករ ១តោន, មី REEVA ២០កេស, ត្រីខ Lily ៥កេស, ទឹកដោះគោខាប់ ៥កេស, ទឹកដោះគោ ANGKOR MILK ១០កេស, កាហ្វេ 3 IN 1 ១កេស, ទឹកក្រូច V-COLA ៥កេស, ទឹកស៊ីអ៊ីវដបតូច ១កេស, ទឹកត្រី ៥យួរ, សាប៊ូម្សៅ ៣កេស, សាប៊ូដុំ ៣កេស, ស្ករស ៥០គីឡូ, អំបិល ៥០គីឡូ, ច្រាស់ដុសធ្មេញ ១០០ដើម, ថ្នាំដុសធ្មេញ ១០០ទីប, កាតាប KIT សិក្សា ៣៥ឈុត។ ក្រៅពីនេះ ក៏មានថវិកាចែកជូនអង្គការចំនួន ២,០០០,០០០រៀល, បុគ្គលិក ១៨នាក់ (ម្នាក់ៗ ៥០,០០០រៀល) និងសិស្ស កុមារ ព្រមទាំងអ្នកស្នាក់អាស្រ័យ ៩៨នាក់ (ម្នាក់ៗ ២០,០០០រៀល) ផងដែរ។
ក្នុងនាមក្រុមការងារសប្បុរសធម៌ លោកប្រធាននាយកដ្ឋានបានសម្តែងសេចក្តីសោមនស្សរីករាយ ព្រមទាំងបានពាំនាំនូវសេចក្ដីនឹករលឹក និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត គុណ ញឹម និងលោកស្រី ជូនដល់ក្មួយៗជាកុមារ សិស្ស-និស្សិត ចាស់ទុំដែលស្នាក់នៅ និងបុគ្គលិកអង្គការទាំងអស់។ លោកក៏បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រកបដោយទឹកចិត្តសប្បុរស ក្នុងការចូលរួមមើលថែ និងផ្ដល់ការអប់រំដល់ក្មួយៗជាកុមារ សិស្ស-និស្សិត ព្រមទាំងផ្ដល់ទីស្នាក់នៅដល់ចាស់ជរាគ្មានទីពឹងមួយចំនួនផងដែរ។
ជំនួសមុខឲ្យបុគ្គលិក ក្មួយៗកុមារ សិស្ស-និស្សិត និងចាស់ទុំដែលស្នាក់នៅក្នុងបន្ទុកអង្គការទាំងអស់ លោក បាត ណូន ប្រធានអង្គការមូលនិធិកុមារ និងនិស្សិតកម្ពុជា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះបណ្ឌិត គុណ ញឹម និងសប្បុរសជននៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចំពោះការយកចិត្តទុកដាក់ និងទឹកចិត្តស្រលាញ់ ពិសេសតែងតែបាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា និងថវិកាជូនដល់អង្គការមួយនេះ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី៦ហើយ ដែលមូលនិធិសប្បុរសធម៌ក្រោមក្របខណ្ឌសមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមគំនិតផ្ដួចផ្ដើមដ៏របស់បណ្ឌិត គុណ ញឹម បាននាំយកអំណោយជាសម្ភារៈ និងថវិកាជូនដល់អង្គការមូលនិធិកុមារ និងនិស្សិតកម្ពុជា៕







