ឧកញ៉ា តែ តាំងប៉ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល FASMEC ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៥ ដើម្បីពង្រឹង និងពង្រីកវិសាលភាពសហគ្រាសធុនតូច និងមធ្យមកម្ពុជា
29-08-2026 16:56
(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិក សមាជិកា និងតំណាងគណៈកម្មការទាំង៩ របស់ FASMEC ដោយមានសមាសភាពចូលរួមសរុបចំនួន ៣០ រូប។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើរបៀបវារៈយុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ រួមមាន៖
១. បច្ចុប្បន្នភាពគណៈកម្មការទាំង៩ របស់ FASMEC៖ ពិនិត្យ និងវាយតម្លៃលើសមាសភាព និងសកម្មភាពការងារ ដើម្បីពង្រឹងប្រសិទ្ធភាពការងារដឹកនាំរបស់គណៈកម្មការនីមួយៗឲ្យកាន់តែមានភាពរលូន និងឆ្លើយតបបានទាន់ពេលវេលា។
២. រៀបចំផែនការបង្កើត FASMEC SHOP៖ ពិភាក្សាលើគម្រោងបង្កើតហាង/បណ្តាញផ្សព្វផ្សាយ FASMEC SHOP ដើម្បីជួយសម្រួលដល់ការដាក់លក់ ការផ្សព្វផ្សាយ និងការដោះដូរផលិតផលក្នុងស្រុករបស់សមាជិកទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។
៣. ការធ្វើជំរឿនសមាជិក FASMEC៖ រៀបចំផែនការធ្វើជំរឿនសមាជិកឡើងវិញ ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ជាក់ស្តែង និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសឱ្យបានគ្រប់ជ្រុងជ្រោយ។
៤. ការរៀបចំថ្នាលឌីជីថលប្រព័ន្ធបច្ចេកវិទ្យាដើម្បីចងក្រងសមាជិកFasmec ៖ រៀបចំប្រព័ន្ធថ្នាលបច្ចេកវិទ្យា (Digital Platform) ក្នុងការរៀបចំចងក្រងទិន្នន័យសមាជិកទៅតាមប្រភេទផលិតផល និងតភ្ជាប់ចូលទៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តែមួយ (Single Supply Chain Integration) ដើម្បីងាយស្រួលក្នុងការប្រកួតប្រជែង និងគាំទ្រគ្នាទៅវិញទៅមក។
៥. ការរៀបចំលិខិតស្នើសុំជួបសម្តែងការគួរសមជាមួយបណ្តាអង្គទូតនានា៖ ពិភាក្សាលើការរៀបចំលិខិតផ្លូវការដើម្បីស្នើសុំជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយបណ្តាស្ថានទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបើកឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចេញថ្មីៗជូនសមាជិក។
អង្គប្រជុំបានប្រព្រឹត្តទៅដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងទទួលបានលទ្ធផលជាផ្លែផ្កាជាច្រើន ដោយទទួលបានការប្តេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំ និងសមាជិកក្រុមព្រឹក្សាទាំងអស់ក្នុងការរួមគ្នា និងលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យមកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានចីរភាព៕









