FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សុខ ចាន់ភក្តី ដឹកនាំកិច្ចប្រជុំពិភាក្សាផែនការឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ នៅខេត្តក្រចេះ

29-08-2026 16:36

(ក្រចេះ)៖ លោក សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តក្រចេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពិភាក្សា និងរៀបចំផែនការសកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងស្ថាបនា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

របៀបវារៈស្នូលនៃកិច្ចប្រជុំបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន ការពិនិត្យ និងវាយតម្លៃលើកិច្ចការងារចាស់ដែលសម្រេចបានកន្លងមក ដើម្បីដកស្រង់បទពិសោធន៍ និងកំណត់ចំណុចខ្វះខាតសម្រាប់កែលម្អ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាលម្អិតលើការរៀបចំផែនការយុទ្ធសាស្ត្រ និងសេចក្តីព្រាងផែនការសកម្មភាពការងារថ្មី សម្រាប់ក្រុមការងារមូលដ្ឋានយកទៅអនុវត្តប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

បន្ថែមពីនេះ កិច្ចប្រជុំបានយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងសមត្ថភាពមូលដ្ឋាន ដោយផ្តោតលើការពង្រឹងកិច្ចសហការផ្ទៃក្នុង ការចុះជាប់ជាមួយប្រជាពលរដ្ឋ និងការស្វែងយល់ពីសុខទុក្ខ ក៏ដូចជាតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។

គោលបំណងចម្បងគឺការត្រៀមលក្ខណៈបោះឆ្នោត ដោយរៀបចំយុទ្ធសាស្ត្រ និងការសម្របសម្រួលផ្សេងៗ ដើម្បីធានាបាននូវជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧។

តាមរយៈកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងការពារសន្តិភាព ស្ថិរភាពសង្គមឱ្យបានគង់វង្ស៕