FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា និង អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួម លើកិច្ចពិគ្រោះយោបល់ពហុភាគីកម្រិតខ្ពស់ ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា

29-08-2026 16:21

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសហការរៀបចំកិច្ចពិគ្រោះយោបល់ ពហុភាគីកម្រិតខ្ពស់ លើកទី៤ស្តីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់នេះ មានការចូលរួមពីភាគីពាក់ព័ន្ធចំនួន ១១០ រូប ដែលជាតំណាងមកពី ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល និយ័តករ សមាគម គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ វិនិយោគិន អង្គការសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា។

ក្នុងការអនុវត្តសកម្មភាពនៅឆ្នាំទី២នេះ កិច្ចពិគ្រោះយោបល់ត្រូវបានរៀបចំឡើង ដើម្បីតាមដានការអនុវត្ត សកម្មភាពអាទិភាពទាំង២២ និងការបន្តកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ ស្តីពីហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ននៅកម្ពុជា។

កិច្ចពិគ្រោះយោបល់កម្រិតខ្ពស់លើកទី៤ បានពិនិត្យឡើងវិញ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តសកម្មភាព អាទិភាពចំនួន២២ ដែលបានព្រមព្រៀងនៅក្នុងកិច្ចពិគ្រោះយោបល់លើកដំបូង កាលពីខែកក្កដា ឆ្នាំ២០២៤។ តំណាង ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធបានពិនិត្យមើលឡើងវិញនូវសមិទ្ធផលនានា កំណត់នូវបញ្ហាប្រឈមដែលនៅ សេសសល់ និងបានពិភាក្សាអំពីវិធានការនានាដើម្បីពន្លឿនការអនុវត្ត។

គិតមកទល់ពេលនេះសកម្មភាពអាទិភាពចំនួន១៦ ត្រូវបានអនុវត្តពេញលេញ (សកម្មភាពអាទិភាពចំនួន ១០ ត្រូវបានបញ្ចប់ការអនុវត្ត កាលពីកិច្ចពិគ្រោះយោបល់ កម្រិតខ្ពស់លើកទី៣) ខណៈដែលសកម្មភាពអាទិភាពចំនួន ៦ ទៀត កំពុងបន្តអនុវត្តលើផ្នែកអាទិភាពទាំង ៥ ដូចខាងក្រោម៖

១៖ ផ្នែកបទប្បញ្ញត្តិ និងការត្រួតពិនិត្យ៖ ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានពង្រឹងតាមរយៈការចូលរួមពី អ្នកវាយតម្លៃឯករាជ្យ។ ម្យ៉ាងវិញទៀត សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូ- ហិរញ្ញវត្ថុកម្ពុជា បានរៀបចំក្របខ័ណ្ឌមូលនិធិរួម សម្រាប់វិស័យហិរញ្ញវត្ថុ ដើម្បីគាំទ្រការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុរបស់អតិថិជន ការប្រឹក្សាបំណុល និងសកម្មភាពនានាពាក់ព័ន្ធនឹងការលើកកម្ពស់ការយល់ដឹង។

បន្ថែមលើនេះ ក្របខ័ណ្ឌនៃការផ្តល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ សម្រាប់មន្ត្រីពាក់ព័ន្ធនឹងផ្នែកឥណទាន គោលការណ៍ ណែនាំស្តីពីក្រមសីលធម៌និងវិជ្ជាជីវៈ សម្រាប់មន្ត្រីពាក់ព័ន្ធនឹងផ្នែកឥណទាន និងនិយមន័យនៃប្រតិបត្តិការឥណទាន ត្រូវបានដាក់ចេញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអនុវត្ត។

២៖ ផ្នែកកិច្ចការពារអតិថិជន៖ មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ត្រូវបានបង្កើត និងមុខងារនានា បាននិងកំពុងដាក់ឱ្យធ្វើប្រតិបត្តិការ ដើម្បីបង្កើនយន្តការគាំទ្រ និងការពារអតិថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុ។ ជាមួយគ្នានេះ កិច្ចសហការជាមួយអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ត្រូវបានពង្រឹង ដើម្បីដោះស្រាយ និងឆ្លើយតបទៅនឹងតម្រូវការ របស់អតិថិជនឱ្យកាន់តែប្រសើរ។

លើសពីនេះយុទ្ធនាការអប់រំចំណេះដឹង ផ្នែកហិរញ្ញវត្ថុទូទាំងប្រទេសបាននិងកំពុងពង្រីកដើម្បីលើកកម្ពស់ការយល់ដឹង ការសម្រេចចិត្តដោយមានព័ត៌មាន គ្រប់ជ្រុងជ្រោយ និងឥរិយាបថប្រើប្រាស់ហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវ ក្នុងចំណោមសាធារណជន។

៣៖ ផ្នែកទិន្នន័យ៖ ភាគីពាក់ព័ន្ធកំពុងធ្វើការរួមគ្នាលើយន្តការចែករំលែកទិន្នន័យ ជាមួយនឹងវឌ្ឍនភាពកាន់តែ ប្រសើរឡើង ដោយបច្ចុប្បន្ននេះ យុទ្ធសាស្ត្រទិន្នន័យ និងច្រកទ្វារទិន្នន័យជាក់លាក់មួយកំពុងត្រូវបានរៀបចំអភិវឌ្ឍ សម្រាប់វិស័យហិរញ្ញវត្ថុ មិនមែនធនាគារ។

៤៖ ផ្នែកកម្ចីក្រៅផ្លូវការ និងតួនាទីរបស់អាជ្ញាធរមូលដ្ឋាន៖ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមរវាង ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ កាលពីឆ្នាំ២០២៥ កិច្ចសហ- ប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀត រវាងក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងកម្ចីខុសច្បាប់ តាមរយៈការពង្រឹងការសម្របសម្រួល ការបង្កើនការចែករំលែកព័ត៌មាន ការកែលម្អយន្តការឆ្លើយតប និងការលើកកម្ពស់បរិយាកាសហិរញ្ញវត្ថុដែលមានសុវត្ថិភាព និងប្រកបដោយទំនុកចិត្តដល់អ្នកប្រើប្រាស់។

៥៖ ផ្នែកសេវាធានារ៉ាប់រង និងជម្រើសផ្សេងនៃការផ្តល់ហិរញ្ញប្បទាន៖ កម្មវិធីធានារ៉ាប់រងកសិកម្មត្រូវបាន បង្កើតឡើងដើម្បីគាំទ្រដល់សហគមន៍កសិកម្មទំនើប ដើម្បីជួយកសិករគ្រប់គ្រងហានិភ័យទាក់ទងនឹងអាកាសធាតុ និងផលិតកម្ម។ តាមរយៈបទពិសោធវិជ្ជមានរបស់សហគមន៍កសិកម្មទំនើបស្រូវ (នាងអំ) បានលើកទឹកចិត្តឱ្យ សហគមន៍កសិកម្មទំនើបផ្សេងទៀតស្វែងយល់ និងប្រើប្រាស់សេវាធានារ៉ាប់រងកសិកម្ម ដើម្បីកែលម្អការគ្រប់គ្រង ហានិភ័យ និងគាំទ្រការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព។

កិច្ចពិគ្រោះយោបល់ វាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានពីកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ និងប្តេជ្ញាដោះស្រាយបញ្ហាប្រឈម ដើម្បីសម្រេចសកម្មភាពអាទិភាពដែលនៅសេសសល់ចំនួន៦ និងបន្តរក្សានូវ ផែនទីបង្ហាញផ្លូវសកម្មភាពទាំង២២ ប្រកបដោយជវភាព។

កិច្ចពិគ្រោះយោបល់ស្វាគមន៍ការចូលរួមពី ភាគីពាក់ព័ន្ធ ជាពិសេសអង្គការសង្គមស៊ីវិល ក្នុងការផ្តល់ធាតុចូលនានា សំដៅរួមចំណែកលើកកម្ពស់ កិច្ចការពារអតិថិជន និងលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុប្រកបដោយយុត្តិធម៌ បរិយាបន្ន និងចីរភាព សម្រាប់ប្រជាជនកម្ពុជាទាំងមូល។ កិច្ចពិគ្រោះយោបល់ពហុភាគីកម្រិតខ្ពស់នេះ នឹងគ្រោងធ្វើឡើងបន្តទៀតនៅខែមិថុនា ឆ្នាំ២០២៧ ខាងមុខ៕