អាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស លក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន
29-08-2026 15:06
(ភ្នំពេញ)៖ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ថា ផលប៉ះពាល់នៃគ្រោះអគ្គីភ័យនៅទីតាំងផ្សារនាគមាស កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ គឺមានការខូចខាតអស់ចំនួន ២១១តូប ដែលជាប្រភេទតូប និងស្តង់លក់បន្លែ និងផ្លែឈើ ប៉ុន្តែមិនមានបង្កជារបួស ឬស្លាប់បាត់បង់ជីវិតនោះទេ។
អ្នកនាំពាក្យបន្ថែមថា ជាដំណោះស្រាយ គឺព្រឹកនេះតំណាងក្រុមហ៊ុនផ្សារ និងអាជ្ញាធរខណ្ឌទួលគោក បានចុះផ្សព្វផ្សាយអំពីដំណោះស្រាយ ក្នុងការរៀបចំជូនបងប្អូនអាជីវករ ដែលរងផលប៉ះពាល់ទាំងអស់ មកលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ ជាបណ្តោះអាសន្នសិន ដោយរង់ចាំម្ចាស់ផ្សារ និងអាជ្ញាធរធ្វើការសំអាតសំណល់រួចរាល់ ក្រុមហ៊ុនផ្សារនឹងសាងសង់តូបស្តង់ជូនអាជីវករទៅតាមទំហំ និងទីតាំងដែលមានកន្លងមក នៅកន្លែងដេីមវិញ។
ជាមួយគ្នានេះ អាជីវករទាំងអស់ បានថ្លែងអំណរគុណ ចំពោះការសម្របសម្រួលរបស់អាជ្ញាធរ និងបានទទួលយកតាមការរៀបចំនេះ ដោយមិនមានការតវ៉ាណាមួយឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ បានបញ្ជាក់ក្រោយប្រតិបត្តិការសង្រ្គោះ និងកំពុងស្រាវជ្រាវផ្ទាល់នៅទីតាំងកើតហេតុ នាព្រឹកថ្ងៃទី២៩ ខែសីហានេះថា គ្រោះអគ្គីភ័យនៅទីតាំងផ្សារនាគមាសនេះ គឺមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ក៏បានផ្ញេីសារជូនជនឆ្លៀតឱកាស ជាពិសេសក្រុមប្រឆាំងក្រៅស្រុកមួយក្តាប់តូច កុំយកពេលមានទុក្ខលំបាករបស់អាជីករ ទៅកេងចំណេញនយោបាយស្មោគរោគរបស់ខ្លួន ពួកគាត់កំពុងមានទុក្ខបាត់បង់ទ្រព្យសម្បតិ្ត និងខាតបង់ពេលវេលាប្រកបអាជីវកម្ម ហើយពួកគាត់បានដឹងច្បាស់ជាងគេទាំងអស់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារអ្វីនោះ។ លោកស្រី សង្កត់ធ្ងន់ថា «ចឹងកុំចូលចិត្តបំពុលបរិយាកាសពេក» ៕



