អភិបាលខេត្តកែប បង្ហាញសក្តានុពល និងឱកាសវិនិយោគ ជំរុញអ្នកវិនិយោគចិនមកសិក្សា និងវិនិយោគនៅខេត្តកែប
29-08-2026 15:04
(ចិន)៖ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានបង្ហាញពីសក្តានុពលធម្មជាតិ ភូមិសាស្ត្រ ការអភិវឌ្ឍ និងឱកាសវិនិយោគរបស់ខេត្តកែប ព្រមទាំងលើកឡើងពីសារៈសំខាន់នៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងឆ្លងកាត់ខេត្តកែប ក្នុងវេទិកា «Industrial Cooperation and Development» នៃ «Lancang-Mekong Cooperation Dialogue at the Source» ដែលប្រារព្ធធ្វើឡើងនៅខេត្តឈីងហៃ សាធារណរដ្ឋប្រជាមានិតចិន។
ថ្លែងចេញពីវេទិកាអន្តរជាតិនៅទីក្រុង Xining លោក សោម ពិសិដ្ឋ បានអះអាងថា ខេត្តកែបជាខេត្តមួយដែលមានសក្តានុពលជាច្រើនពីធម្មជាតិ និងមានទីតាំងភូមិសាស្ត្រល្អប្រសើរ ដោយស្ថិតនៅចម្ងាយប្រមាណ ១៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការធ្វើដំណើរ និងការដឹកជញ្ជូន។
លោកបានបញ្ជាក់ថា ខេត្តកែបមានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ព្រៃកោងកាង ស្រែអំបិល វាលទំនាប ខ្ពង់រាប ជម្រាលភ្នំ ឧទ្យានជាតិ និងប្រជុំកោះចំនួន១៣ ព្រមទាំងសម្បូរទៅដោយផ្កាថ្ម ស្មៅសមុទ្រ និងជីវចម្រុះបាតសមុទ្រ។ ខេត្តក៏មានប្រព័ន្ធទឹកស្អាត ប្រព័ន្ធអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដែលជាកត្តាអំណោយផលសម្រាប់ការវិនិយោគ។
ពាក់ព័ន្ធនឹង គម្រោងព្រែកជីកហ្វូណនតេជោ លោក សោម ពិសិដ្ឋ បានលើកឡើងថា នៅពេលខាងមុខ ព្រែកជីកនេះនឹងឆ្លងកាត់ទាំងផ្ទៃដីគោក និងផ្ទៃទឹកនៃខេត្តកែប ហើយនឹងក្លាយជាច្រកសេដ្ឋកិច្ចផ្លូវទឹកដ៏សំខាន់សម្រាប់កម្ពុជា និងជួយតភ្ជាប់ទៅកាន់បណ្តាប្រទេសនានាលើសកលលោក។
លោកបានថ្លែងថា៖ «ព្រែកជីកហ្វូណនតេជោ ក៏នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលជាគំនិតផ្តួចផ្តើមដោយរដ្ឋាភិបាលចិន ដើម្បីកសាងបណ្តាញពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីអាស៊ីទៅកាន់អឺរ៉ុប ដែលនឹងផ្តល់ផលប្រយោជន៍ដ៏ធំធេងជូនប្រជាជន និងសកលលោក»។
លោកបានបន្តថា កំពង់ផែដ៏ធំមួយនឹងត្រូវបានអភិវឌ្ឍនៅលើទឹកដីខេត្តកែប នៃមាត់ច្រកព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្ត និងចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់។
លោក សោម ពិសិដ្ឋ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមកសាងព្រែកជីកហ្វូណនតេជោរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា និងការបន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកែបកំពុងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កែលម្អសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុង ព្រមទាំងអភិវឌ្ឍសម្បទាទេសចរណ៍ និងតំបន់ឆ្នេរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បង្កើតការងារ មុខរបរ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ បានអញ្ជើញអ្នកវិនិយោគនៅខេត្តឈីងហៃ ក៏ដូចជាប្រជាជនចិន ឱ្យមកពិនិត្យ សិក្សា និងស្វែងរកឱកាសវិនិយោគនៅខេត្តកែប ជាពិសេសលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។
គួរបញ្ជាក់ថា ខេត្តកែបត្រូវបានប្រសិទ្ធនាមថា «ឆ្នេរសមុទ្រកម្ពុជា៖ តារារះនាទិសនិរតី» និងត្រូវបានរាជរដ្ឋាភិបាលកំណត់ជាខេត្តទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់។ ខេត្តបានរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ឆ្នាំ២០២១-២០៣៥ និងកំពុងអភិវឌ្ឍប៉ូលទេសចរណ៍សំខាន់ៗ ដើម្បីពង្រឹងសក្តានុពលទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។
សូមជម្រាបថា ខេត្តកែបធ្លាប់ទទួលបានពានរង្វាន់ និងការទទួលស្គាល់ជាច្រើនទាំងថ្នាក់ជាតិ និងអាស៊ាន លើផ្នែកទីក្រុងស្អាត បរិស្ថាន និងទេសចរណ៍ ព្រមទាំងបានចូលជាសមាជិកក្លិបឆ្នេរស្អាតក្នុងពិភពលោកផងដែរ៕





















