FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឈួរ សុបញ្ញា ស្វាគមន៍សកម្មជន និងសមាជិកគណបក្សកម្លាំងជាតិ ១៤រូប ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នៅខេត្តកំពង់ស្ពឺ

29-08-2026 15:00

(កំពង់ស្ពឺ)៖ លោក ឈួរ សុបញ្ញា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំណាក់រាំង នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសកម្មជន និងសមាជិកគណបក្សកម្លាំងជាតិ ចំនួន ១៤រូប ដែលបានសម្រេចចិត្តស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។

ពិធីនេះបានប្រព្រឹត្តទៅនៅភូមិពងទឹក ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ការជួបសំណេះសំណាលនេះ ធ្វើឡើងក្នុងស្មារតីសាមគ្គីភាព ឯកភាព និងការចូលរួមក្នុងជីវភាពនយោបាយដោយស្ម័គ្រចិត្ត ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងក្រុមការងារគណបក្ស និងប្រជាពលរដ្ឋនៅមូលដ្ឋាន។

ក្នុងឱកាសនោះ លោក ឈួរ សុបញ្ញា បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការស្វាគមន៍ពីឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោក បណ្ឌិត អ៊ុក កោសា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ជូនដល់សមាជិកថ្មីទាំង ១៤រូប។

លោកបានសម្តែងការអបអរសាទរ និងលើកទឹកចិត្តចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ ដោយបញ្ជាក់ថា ការចូលរួមជាមួយគណបក្សនយោបាយ គឺជាសិទ្ធិ និងឆន្ទៈរបស់ប្រជាពលរដ្ឋ។

តំណាងសមាជិកថ្មីបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ និងបានបញ្ជាក់ថា ការសម្រេចចិត្តវិលត្រឡប់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងដោយស្ម័គ្រចិត្ត បន្ទាប់ពីបានពិចារណា និងមើលឃើញផ្ទាល់នូវការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាននាំមកនូវការអភិវឌ្ឍមូលដ្ឋាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់ជីវភាពប្រជាជន និងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម។

ពួកគាត់បានបង្ហាញឆន្ទៈថា នឹងខិតខំចូលរួមក្នុងការងារគណបក្ស និងសង្គម ដោយប្រកាន់ខ្ជាប់នូវសាមគ្គីភាព ឯកភាព ការគោរពច្បាប់ និងការទទួលខុសត្រូវ។

ការវិលត្រឡប់របស់សមាជិកថ្មីទាំង ១៤រូបនេះ បានបង្ហាញពីការយល់ឃើញផ្ទាល់ខ្លួនចំពោះទិសដៅនយោបាយ និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបំណងចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ។

ក្រុមការងារបានបន្តលើកទឹកចិត្តឱ្យសមាជិកគ្រប់រូប រួមគ្នារក្សាសាមគ្គីភាព ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក ដើម្បីបង្កើតបរិយាកាសល្អនៅមូលដ្ឋាន និងចូលរួមជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហា និងជំរុញការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើន៕