FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ងួន វិទូ ចាត់ទុកការលើកទឹកចិត្តកុមារនៅកម្រិតបឋមសិក្សា គឺជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគតធនធានមនុស្សរបស់កម្ពុជា

29-08-2026 14:57

(កំពង់ចាម)៖ លោកបណ្ឌិត ងួន វិទូ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលេី ខេត្តកំពង់ចាម បានចាត់ទុកការចូលរួមចំណែកលើកទឹកចិត្តដល់កុមារនៅកម្រិតបឋមសិក្សា គឺជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់អនាគតធនធានមនុស្សរបស់កម្ពុជា។

ការលេីកឡេីងរបស់លោកបណ្ឌិត ងួន វិទូ ធ្វេីឡេីងក្នុងឱកាសអញ្ជេីញជាតំណាងលោក ឌួង ឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ ក្នុងពិធីចែកប័ណ្ណសរសេីរ និងរង្វាន់លេីកទឹកចិត្តដល់សិស្សពូកែជ័យលាភីលេខ១ ដល់លេខ៥ ប្រចាំឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាបឋមសិក្សាបុសខ្នុរ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួមសរុបចំនួន៥៨៦នាក់។ សម្រាប់សិស្សពូកែជ័យលាភីលេខ១ ដល់លេខ៥ មានចំនួន២៣២នាក់ (ស្រី១៧៦នាក់)។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ងួន វិទូ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនចំពោះលោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី មាតាបិតា និងសិស្សានុសិស្សទាំងអស់ក្នុងឃុំបុសខ្នុររបស់យើង។

តាមរយៈរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ របស់លោក អេង វ៉ាន់នី នាយកសាលាបឋមសិក្សាបុសខ្នុរ បានលេីកឡេីងឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងការចូលរួមសហការយ៉ាងសកម្មពីមាតាបិតាសិស្ស ដែលធ្វើឱ្យការបណ្តុះបណ្តាលទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។

លោកបណ្ឌិត ងួន វិទូ បានអះអាងថា ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដែលប្រគល់ជូនក្មួយៗជ័យលាភីនាថ្ងៃនេះ មិនត្រឹមតែជាការទទួលស្គាល់នូវញើសឈាម និងការខិតខំរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែជាសារដាស់តឿនលើកទឹកចិត្តឱ្យក្មួយៗបន្តការតស៊ូ ក្តាប់យកឱកាស និងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត។ ចំពោះក្មួយៗ ដែលមិនទាន់ទទួលបានចំណាត់ថ្នាក់ល្អក្នុងឆ្នាំនេះ សូមកុំអស់សង្ឃឹម ត្រូវយកមិត្តភក្តិដែលទទួលបានជ័យលាភីជាគំរូ និងខិតខំព្យាយាមរៀនសូត្រសារជាថ្មី ព្រោះការអប់រំ និងការខិតខំប្រឹងប្រែងគ្មានទីបញ្ចប់នោះឡើយ។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត ងួន វិទូ បានចែករំលែកនូវចំណុចគន្លឹះចំនួន៤ ដូចខាងក្រោម៖

ទី១៖ ចំពោះក្មួយៗសិស្សានុសិស្ស​ត្រូវបន្តយកចិត្តទុកដាក់ស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូ គោរពវិន័យសាលា ស្រឡាញ់ការអាន ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខផ្សេងៗ ព្រមទាំងខិតខំកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងជាពលរដ្ឋល្អក្នុងសង្គម

ទី២៖ ចំពោះលោកគ្រូ អ្នកគ្រូសូមបន្តរក្សានូវស្មារតីជាអ្នកបណ្តុះបណ្តាល ផ្ទេរនូវចំណេះដឹង បច្ចេកវិទ្យា និងការអប់រំឥរិយាបថវិជ្ជមានដល់សិស្សានុសិស្ស ប្រកបដោយទឹកចិត្តស្រឡាញ់ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់

ទី៣៖ ចំពោះមាតាបិតា និងអាណាព្យាបាល​ សូមបន្តយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ និងតាមដានការសិក្សារបស់កូនៗជាប្រចាំ ព្រមទាំងសហការឱ្យបានជិតស្និទ្ធជាមួយគណៈគ្រប់គ្រងសាលា និងគណៈកម្មការទ្រទ្រង់ការអប់រំ ដើម្បីរួមគ្នាបង្កើតបរិស្ថានសិក្សាប្រកបដោយគុណភាពខ្ពស់

ទី៤៖ ចំពោះអាជ្ញាធរដែនដី និងសហគមន៍ សូមបន្តគាំទ្រ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជុំវិញបរិវេណសាលារៀន និងចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំ ក្នុងឃុំបុសខ្នុរ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត៕