FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បណ្ឌិត កៅ ថាច និងលោកស្រី សួរ សុខគីម អញ្ជើញប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ​ ដល់ព្រះសង្ឃ​គង់ចាំព្រះវស្សា ក្នុងវត្តបទុមវត្តី

29-08-2026 14:12

(ភ្នំពេញ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) និងលោកស្រី សួរ សុខគីម នាព្រឹកថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២៦នេះ បានអញ្ជើញនាំយកទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃ​គង់ចាំព្រះវស្សា នៅក្នុងវត្តបទុមវត្តី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងឱកាសប្រគេនទៀនព្រះវស្សា សម្ភារៈជាទេយ្យទាន និងបច្ច័យខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក ចាន់​ សីហា អគ្គនាយករងធនាគារ ARDB ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកធនាគារជាច្រើនរូបទៀត។

ក្រៅពីប្រគេនទៀនព្រះវស្សានាព្រឹកនេះ លោកបណ្ឌិត កៅ ថាច និងលោកស្រី សួរ សុខគីម ក៏មានសទ្ទាជ្រះថ្លាប្រគេនព្រះសង្ឃ រួមមាន ទឹកបរិសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ អង្ករ២តោន​ ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ​​ និងតម្កល់ទុកសម្រាប់កសាងសមិទ្ធផលនានា​ក្នុងវត្តសរុបចំនួន២៦លានរៀន។

សូមរំឭកថា លោកបណ្ឌិតប្រតិភូ និងលោកស្រី តែងតែអញ្ជើញនាំយកសម្ភារៈជាទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃ​គង់​ចាំព្រះវស្សា​ និងក្នុងរដូវភ្ពុំបិណ្ឌ នៅវត្តបទុមវត្តី រាជធានីភ្នំពេញ​​ជាហូរហែ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន​ និងវីរកងទ័ព វីរនគរ​បាលជាតិ ដែលបានចែកឋានទៅកាន់បរលោក​ ព្រមទាំងចូលរួមលើកតម្កើងព្រះពុទ្ធសាសនា ដែលជាសាសនារបស់ព្រះរាជាណាចក្រកម្ពុជា៕