FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាអន្តរជាតិវើលដ៍កម្ពុជា បរិច្ចាគថវិកា ៤០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមសង្គ្រោះជីវិតកុមារកម្ពុជា

29-08-2026 12:55

(ភ្នំពេញ)៖ លោកស្រីឧកញ៉ា សាយ សោភា អគ្គនាយិកាសាលាអន្តរជាតិវើលដ៍កម្ពុជា រួមជាមួយលោក ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ ២០២៦នេះ បាននាំយកថវិកាចំនួន ៤០លានរៀល ទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកក្នុងការគាំទ្រដល់ការព្យាបាល និងការសង្គ្រោះជីវិតកុមារកម្ពុជា។

លោកស្រីឧកញ៉ា សាយ សោភា និងលោក ភឺន ផល្លា បានថ្លែងថា សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ មិនត្រឹមតែបង្ហាញពីស្មារតីសប្បុរសធម៌ និងការចែករំលែកក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវចំពោះសង្គម ជាពិសេសចំពោះសុខុមាលភាព និងអនាគតរបស់កុមារកម្ពុជា។

លោកស្រីឧកញ៉ា សាយ សោភា និងលោក ភឺន ផល្លា បានបន្តថា ការចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ក៏ជាគំរូដ៏ល្អប្រសើរមួយក្នុងការបណ្ដុះស្មារតីមនុស្សធម៌ ការចេះចែករំលែក និងការចូលរួមទទួលខុសត្រូវសង្គមក្នុងវិស័យអប់រំ ព្រមទាំងជាកម្លាំងចិត្តដ៏មានតម្លៃក្នុងការលើកទឹកចិត្តឱ្យស្ថាប័ន និងសប្បុរសជនផ្សេងៗ ចូលរួមគាំទ្រដល់កិច្ចការមនុស្សធម៌ និងការសង្គ្រោះជីវិតកុមារកម្ពុជាផងដែរ។

លោកស្រីឧកញ៉ា សាយ សោភា និងលោក ភឺន ផល្លា ក៏បានជូនពរឱ្យកម្មវិធីប្រគល់ថវិកាឧបត្ថម្ភដ៏មានអត្ថន័យនេះ ប្រព្រឹត្តទៅដោយរលូន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងសូមឱ្យទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះបន្តរីកសាយភាយកាន់តែទូលំទូលាយ ដើម្បីរួមគ្នាកសាងសង្គមកម្ពុជាមួយដែលពោរពេញដោយក្តីស្រឡាញ់ ការចែករំលែក និងមនុស្សធម៌។ សូមកោតសរសើរ និងអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លារបស់ សាលាអន្តរជាតិវើលដ៍កម្ពុជា ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់វិស័យសុខាភិបាល និងចូលរួមចំណែកក្នុងការសង្គ្រោះជីវិតកុមារកម្ពុជា។

តំណាងមន្ទីរពេទ្យគន្ធបុប្ឋា បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌នេះផងដែរ ។

សូមរម្លឹកផងដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមទស្សនវិស័យ៖ «កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»៕