FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តកណ្តាល បំភ្លឺករណីមរណភាពកុមារម្នាក់ នៅគ្លីនិក អន ភារម្យ ក្នុងស្រុកកៀនស្វាយ

29-08-2026 12:27

(កណ្តាល)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្តាល បានបំភ្លឺថា បន្ទាប់ពីមានការចុះផ្សាយតាមបណ្តាញសង្គមមួយចំនួនអំពីករណីស្លាប់កុមារ ក្នុងគ្លីនិក នៅក្នុងស្រុកកៀនស្វាយ ម្ចាស់គ្លីនិកផ្តល់សំណង៩ ០០០ដុល្លារ និងចូលបុណ្យចំនួន២លានរៀលបន្ថែមទៀត។

បើតាមលិខិតបំភ្លឺនៅថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០២៦នេះ មន្ទីរសុខាភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីបានចាត់មន្ត្រីជំនាញចុះអង្កេតស្រាវជ្រាវ និងរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសមន្ទីរសុខាភិបាល បានរកឃើញលទ្ធផលបឋមមួយចំនួនដូចខាងក្រោម៖

ទី១៖ កុមារារងគ្រោះមានឈ្មោះ សុគន្ធ វីរៈ អាយុ២ឆ្នាំ ៩ខែ បានចូលមកទទួលការព្យាបាលនៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ អន ភារម្យ ដែលមានទីតាំងស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៦:៣០នាទីព្រឹក ដោយអាការៈក្តៅខ្លួន និងហៀរសំបោរ និងត្រូវបានបញ្ជាក់ថាស្លាប់នៅម៉ោងប្រហែល៨ព្រឹក ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកកៀនស្វាយ។

ទី២៖ បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ អន ភារម្យ ដំណើរការដោយមានវិញ្ញាបនបត្រអនុញ្ញាតពីរដ្ឋបាលស្រុកកៀនស្វាយ។ ចំពោះលោកវេជ្ជបណ្ឌិត អន ភារម្យ ដែលជាម្ចាស់ទីតាំងមានអាជ្ញាបណ្ណពីក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ និងមានសុពលភាពដល់ឆ្នាំ២០២៨។ ក្នុងពេលកុមារារងគ្រោះមកទទួលសេវា លោកមិនមានវត្តមាននៅទីតាំងឡើយដោយជាប់ប្រចាំការនៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។

ទី៣៖ ចំពោះគិលានុបដ្ឋាកបឋមប្រចាំការជាប្រពន្ធលោក អន ភារម្យ ដែលបានព្យួរសេរ៉ូម និងចាក់ថ្នាំគឺបានធ្វើតាមការណែនាំរបស់លោកវេជ្ជបណ្ឌិតជាស្វាមី។

ទី៤៖ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកកៀនស្វាយ ម៉ោងប្រហែល៨:០០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២៦ ក្រុមគ្រូពេទ្យបានពិនិត្យតាមលក្ខណៈបច្ចេកទេសវេជ្ជសាស្ត្រដោយកុមារានោះបានបាត់បង់ស្មារតី គ្មានចង្វាក់ដង្ហើម គ្មានចលនាបេះដូង និងជីពចរចាប់មិនបានដែលបញ្ជាក់ថាកុមារា សុគន្ធ វីរៈ បានស្លាប់បាត់បង់ជីវិត (Mourrant Entrant) ។

ទី៥៖ កុមារាឈ្មោះ សុគន្ធ វីរៈ អាយុ២ឆ្នាំ ៩ខែ អាចស្លាប់ដោយសារប្រតិកម្មថ្នាំ (Choc Anaphylactique)។ បច្ចុប្បន្នទីតាំងបន្ទប់ពិគ្រោះ និងព្យាបាលជំងឺខាងលើត្រូវបានបិទជាបណ្តោះអាសន្នដោយ មានការចូលរួមពីតំណាងម្ចាស់ផ្ទះ អាជ្ញាធរភូមិឃុំ និងអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សម្រាប់វិធានការផ្សេងៗបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនឹងជម្រាបជូននៅពេលក្រោយ។

ចំពោះការចុះផ្សាយតាមបណ្តាញសង្គម អំពីករណីម្ចាស់គ្លីនិកផ្តល់សំណង ៩ ០០០ដុល្លារ និងចូលបុណ្យសព ចំនួន២លានរៀលបន្ថែមទៀត មន្ទីរសុខាភិបាលមិនមានសមត្ថកិច្ចក្នុងការបំភ្លឺទេ៕