មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ យុត្តិធម៌អន្តរកាល មិនត្រឹមតែផ្តន្ទាទោសជនល្មើសទេ ប៉ុន្តែត្រូវស្វែងរកការពិត ចងចាំការឈឺចាប់របស់ជនរងគ្រោះ ផ្សះផ្សាសង្គម និងទប់ស្កាត់កុំឱ្យសោកនាដកម្មកើតឡើងជាថ្មី
29-08-2026 11:37
(ភ្នំពេញ)៖ លោក ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា យុត្តិធម៌អន្តរកាល មិនមែនមានត្រឹមតែការនាំជនដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មមកទទួលខុសត្រូវ ចំពោះមុខច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលការស្វែងរកការពិត ការទទួលស្គាល់ការឈឺចាប់របស់ជនរងគ្រោះ ការចងចាំប្រវត្តិសាស្ត្រ និងការធានាថាសោកនាដកម្មដ៏ឃោរឃៅព្រៃផ្សៃបែបនេះនឹងមិនកើតឡើងសារជាថ្មី។
ការលើកឡើងនេះរបស់ លោក ប្រាក់ សុណ្ណារ៉ា បានធ្វើឡើងក្នុងពិធីបិទសិក្ខាសាលាស្តីពី «យុត្តិធម៌អន្តរកាល៖ កេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា និងបូជនីយដ្ឋានចងចាំនៃកម្ពុជា» និងការផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈសម្រាប់មគ្គុទ្ទេសក៍ទេសចរ ស្តីពីការពណ៌នាដោយផ្អែកលើភស្តុតាង នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។ ដោយមានការចូលរួមពី លោក ហែម ក្រាញ់តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញាក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ព្រមទាំង មគ្គុទេសក៍ទេសចរ និងសិក្ខាមជាច្រើននាក់។
នាឱកាសនោះដែរ លោក ប្រាក់ សុណ្ណារ៉ា បានបន្ថែមថា សិក្ខាសាលានេះ ជាវេទិកាសំខាន់មួយសម្រាប់ចែករំលែកចំណេះដឹងអំពីយុត្តិធម៌អន្តរកាល កេរដំណែលរបស់ អ.វ.ត.ក. និងតួនាទីរបស់បូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងការអប់រំសន្តិភាពនិងភាពជាពលរដ្ឋសាកល។ ជាមួយគ្នានេះ ក៏ជាឱកាសសម្រាប់មគ្គុទេសទេសចរ ក្នុងការចូលរួមពិភាក្សា ផ្លាស់ប្តូរមតិយោបល់ និងចែករំលែកបទពិសោធន៍អំពីការ បកស្រាយនិងការផ្សព្វផ្សាយប្រវត្តិសាស្ត្រឱ្យបានត្រឹមត្រូវ ប្រកបដោយការទទួលខុសត្រូវសមស្របទៅនឹងបរិបទសង្គម។
លោក ប្រាក់ សុណ្ណារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យុត្តិធម៌អន្តរកាល មិនមែនមានត្រឹមតែការនាំជន ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មមកទទួលខុសត្រូវ ចំពោះមុខច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលការស្វែងរកការពិត ការទទួលស្គាល់ការឈឺចាប់របស់ជនរងគ្រោះ ការចងចាំប្រវត្តិសាស្ត្រ ការផ្សះផ្សា និងការធានាថាសោកនាដកម្មដ៏ឃោរឃៅព្រៃផ្សៃបែបនេះ នឹងមិនកើតឡើងសារជាថ្មីឡើយ»។
ពាក់ព័ន្ធនឹងបូជនីយដ្ឋានចងចាំនៃកម្ពុជា លោក ប្រាក់ សុណ្ណារ៉ា បានបន្ដថា ការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ជាការទទួលស្គាល់នូវប្រវត្តិសាស្ត្រដ៏ជូរចត់ ការផ្សះផ្សា ការស្វែងរកយុត្តិធម៌ និងការអប់រំ សន្តិភាព។ ចំណុចទាំងអស់នេះជាគម្រូភាព ដែលកម្ពុជា បានផ្តល់ជូនអន្តរជាតិបានសិក្សារៀនសូត្រ។ ហេតុនេះ បូជនីយដ្ឋានចងចាំនៃកម្ពុជា មិនត្រឹមតែជាកន្លែងទេសចរណ៍ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ តែជាកន្លែងសម្រាប់ការរៀនសូត្រ ការឆ្លុះបញ្ចាំង និងការអប់រំអំពីតម្លៃនៃសន្តិភាព សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
បើតាម លោក ប្រាក់ សុណ្ណារ៉ា បានបន្ថែមថា យោងលើគុណតម្លៃទាំងនេះ ជាការសំខាន់ណាស់ដែលយើងទាំងអស់គ្នាត្រូវបកស្រាយនូវអ្វីដែលជាការពិតផ្អែក លើមូលដ្ឋានច្បាស់លាស់ និងមានទឡីករណ៍ត្រឹមត្រូវ។ ជាពិសេសមគ្គុទេសក៍ទេសចរ មានតួនាទីដ៏សំខាន់ក្នុងការបញ្ជូនចំណេះដឹង និងការយល់ដឹងអំពីប្រវត្តិសាស្ត្រទាំងនេះ ទៅកាន់ភ្ញៀវទេសចរ និងសាធារណជន។ ហេតុនេះការបង្ហាញ និងការបកស្រាយប្រវត្តិសាស្ត្រ ដោយផ្អែកលើការពិត និងមានភាពត្រឹមត្រូវ គឺជាមូលដ្ឋានសំខាន់សម្រាប់ធានាថា ប្រវត្តិសាស្ត្រនឹងមិនត្រូវបកស្រាយដោយមានការខ្វះចន្លោះ ឬផ្អែកលើមូលដ្ឋានអារម្មណ៍នោះឡើយ។ ការបកស្រាយ ដោយមានការភាន់ច្រឡំណាមួយអាចនាំឱ្យមានភាពអវិជ្ជមានដល់ប្រទេសជាតិ។
ជាមួយគ្នានេះ លោក ហែម ក្រាញ់តូនី បានបញ្ជាក់ថា ការរកឃើញរបស់ អ.វ.ត.ក. យើងត្រូវយោងទៅលើសេចក្តីសម្រេច ក្នុងសាលក្រម សាលដីកា និងឯកសារផ្លូវការរបស់តុលាការ ហើយមិនគួរលាយបញ្ចូលការចងចាំ ឬមតិផ្ទាល់ខ្លួនជាមួយការរកឃើញរបស់តុលាការឡើយ។ តាមរយៈពេលវេលាដ៏មានអត្ថន័យនេះ យើងបានចែករំលែកនូវ អនុសាសន៍ និងការអនុវត្តល្អសម្រាប់មគ្គុទេសក៍ទេសចរ ដើម្បីធានាថា ការរៀបរាប់អំពីប្រវត្តិសាស្ត្រដ៏ឈឺចាប់នេះ និងការរកឃើញផ្លូវច្បាប់ របស់ អ.វ.ត.ក.មានភាពត្រឹមត្រូវ គោរពជនរងគ្រោះ និងមិនបង្កើតការយល់ច្រឡំដល់សាធារណជន។
លោក ហែម ក្រាញ់តូនី បានសង្កត់ធ្ងន់ថា មគ្គុទេសក៍ទេសចរ គឺជាអ្នកផ្សព្វផ្សាយចំណេះដឹងដ៏សំខាន់មួយទៅកាន់សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ គ្រប់ពាក្យពេចន៏ដែលលោក លោកស្រីប្រើប្រាស់នៅពេលនាំភ្ញៀវទៅកាន់ទីតាំងប្រវត្តិសាស្ត្រ ទីតាំងឧក្រិដ្ឋកម្ម និងបូជនីយដ្ឋានចងចាំ អាចមានឥទ្ធិពលយ៉ាងខ្លាំង លើការយល់ដឹងរបស់ពួកគេ អំពីប្រវត្តិសាស្ត្រនិងដំណើរការស្វែងរកយុត្តិធម៌ក្រោយពេលមានជម្លោះ។ ការចងចាំអតីតកាលមិនមែន ដើម្បីបន្តការស្អប់ខ្ពើមនោះទេ ប៉ុន្តែដើម្បីឱ្យយើងយល់ពីតម្លៃនៃ សន្តិភាព សិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូររបស់មនុស្ស នីតិរដ្ឋ និងការមិនឱ្យអំពើឃោរឃៅបែបនេះកើតឡើងម្តងទៀត៕







