FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅចំពោះមុខក្បាលម៉ាស៊ីនអ្នកវិនិយោគ! ប្រធាន ACU បញ្ជាក់ជំហយ៉ាងម៉ឹងម៉ាត់ថា ការវិនិយោគរបស់អ្នកនឹងត្រូវការពារដោយច្បាប់ សុំជ្រើសរើសកម្ពុជា ដើម្បីវិនិយោគដោយទំនុកទុកចិត្ត និងការទទួលខុសត្រូវ

29-08-2026 11:05

(ភ្នំពេញ)៖​ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ជំហថា នៅកម្ពុជា ទាំងរដ្ឋ និងឯកជនប្តេជ្ញាកសាងវប្បធម៌ស្អាតស្អំសម្រាប់ធុរកិច្ច និងការវិនិយោគ ដូចនេះសូមធុរជនជាតិ និងអន្តរជាតិយល់ថា ការវិនិយោគរបស់អស់លោកអ្នកនឹងត្រូវការពារទាំងរដ្ឋ ទាំងតំណាងវិស័យឯកជន និងទាំងអង្គភាពប្រឆាំងអំពើពុករលួយ។ ដូច្នេះ សុំជ្រើសរើសកម្ពុជា ដើម្បីវិនិយោគ ដោយទំនុកទុកចិត្ត និងដោយការទទួលខុសត្រូវ។

ការបញ្ជាក់បែបនេះរបស់ប្រធាន ACU បានធ្វើឡើងនៅក្នុងឱកាសថ្លែងសន្ទករថា មុនពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច ដើម្បីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍វិនិយោគពិភពលោកដែលកាន់តែចង្អៀត ជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ព្រមទាំងមានវត្តមានតំណាងសាក្សីកិត្តិយសពីក្រសួង-ស្ថាប័នសំខាន់ៗ ដូចជា៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ។

កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានចាត់ទុកការចុះ MoU ជាមួយសភាពាណិជ្ជកម្មកម្ពុជា ជា MoU មួយដែលមានសក្តានុពល និងមានវិសាលភាពធំធេងគ្របដណ្តប់សមាជិកជាធុរជនជាច្រើននៅក្នុងប្រទេស និងនៅលើសកលលោក។ ការប្រមូលផ្តុំគ្នានៃស្ថាប័នពាក់ព័ន្ធយ៉ាងទូលំទូលាយបែបនេះឆ្លុះបញ្ចាំងពីទំហំ និងទម្ងន់ជាយុទ្ធសាស្ត្រជាតិមួយ ដែលលើសពីកិច្ចព្រមព្រៀងធម្មតា ប៉ុន្តែជាចលនាកសាងជាតិឆ្ពោះទៅរកឧត្តមភាពមួយ «ធុរកិច្ចស្អាតស្អំ»

បន្ថែមពីនេះ ប្រធាន ACU បានឱ្យដឹងថា គិតមកដល់ថ្ងៃចុះ MoU ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែល ACU បានចុះ MoU ជាមួយវិស័យឯកជនទី១០៨ និងមានរោងចក្រ សហគ្រាស និងក្រុមហ៊ុនជិត ១០០០។ ចំពោះការចុះការចុះអនុស្សារណៈយោគយល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលមានទទួលស្គាល់ទាំងក្នុងតំបន់​ និងលើសកលលោក ព្រមទាំងជាស្ថាប័នតំណាងឱ្យវិស័យឯកជន មានការទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពទាក់ទាញធុរជន​ និងអ្នកវិនិយោគបរទេស។

កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានសង្កត់ធ្ងន់ថា ការចុះ MoU រវាងអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មកម្ពុជា គឺជាការបង្ហាញនូវឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្លាស់ប្តូរនូវវប្បធម៌ធុរកិច្ចឱ្យកាន់តែដោយផ្តោតលើសុចរិតភាព ការកសាងស្ថាប័ន និងអាជីវកម្មឱ្យ​សុចរិតភាព មានតម្លាភាព គណនេយ្យភាព និងការគោរពច្បាប់ តាមរយៈការរៀបចំនូវប្រព័ន្ធការពារ បង្ការ និងទប់ស្កាត់ ការអប់រំផ្សព្វផ្សាយច្បាប់ សកម្មភាពចូលរួមប្រកបធុរកិច្ចប្រកបដោយភាពស្អាតស្អំ ការសន្ទនាគ្នាជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈម សំណូមពរនានា សំណើរ ក្នុងសំដៅជំរុញបរិយាកាសវិនិយោគ និងធុរកិច្ចឱ្យកាន់តែស្អាតស្អំនៅកម្ពុជា ដោយភាពរលូន និងមានការរីកចម្រើនដោយចីរភាពយូរអង្វែង។

«អង្គភាពប្រឆាំងអំពើពុករលួយ បានត្រៀមខ្លួនរួមជាស្រេច និងគ្រប់ពេលវេលាក្នុងការគាំទ្រកិច្ចប្រឹងប្រែង និងការអនុវត្ត ការប្តេជ្ញារួមគ្នា កសាងធុរកិច្ចស្អាតស្អំនៅកម្ពុជា ស្របទៅតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នោះគឺជាការកសាងរដ្ឋបាលស្អាតស្អំ និងចូលរួមក្នុងបរិយាយកាសវិនិយោគឱ្យកាន់តែទាក់ទាញ»។ នេះជាការអះអាងបន្ថែមរបស់ប្រធាន ACU។

នាឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា ការចុះ MoU រវាង​ ACU និងសភាពាណិជ្ជកម្មកម្ពុជា គឺជាថ្ងៃប្រវត្តិសាស្ត្រមួយដើម្បីសហការគ្នាដោះស្រាយប្រឈម និងរួមគ្នាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន។​ អ្វីដែលអ្នកវិនិយោគក្នុងប្រទេសចង់បាន និងអ្នកវិនិយោគក្រៅស្រុកចង់បាន​ គឺ «ភាពស្អាតស្អំ»​ របស់អ្នកអនុវត្តសេវាសាធារណៈ។

អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់ថា ប្រសិនបើអនុវត្តសេវាសាធារណៈទៅបានដោយតម្លាភាពលោកជឿថា កម្ពុជាយើងនឹងទាក់ទាញការវិនិយោគទុនយ៉ាងច្រើន ជាពិសេសអាចយកលំហូវិនិយោគពីប្រទេសជិតខាង និងសមាជិកអាស៊ានផ្សេងទៀត ដែលកំពុងចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បានបន្តថា វិស័យឯកជនត្រូវតែខិតខំសហការជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងម៉េចឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមានចំណុលខ្ពស់នៅឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់សម្តេចវរធិបតី ហ៊ុន ម៉ាណែត។ វិស័យឯកជន​មានសារៈសំខាន់ខ្លាំងណាស់ ត្រូវចាំបាច់ចូលរួមកសាងប្រទេសជាតិ ឱ្យមានការរីកចម្រើន។

គួររម្លឹកថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែសង្កត់ធ្ងន់លើគោលនយោបាយកសាងវប្បធម៌សុចរិតភាពក្នុងវិស័យសេដ្ឋកិច្ច ក្នុងបរិបទសកលដែលការប្រកួតប្រជែងទាក់ទាញការវិនិយោគកំពុងកាន់តែស្រួចស្រាវ។ ដូច្នេះ MoU នេះ ជាការឆ្លើយតបជាក់ស្តែង ចំពោះទិសដៅនោះ ព្រមទាំងជាសារទៅកាន់ពិភពលោកថា កម្ពុជាមិនត្រឹមតែនិយាយពីកំណែទម្រង់ប៉ុណ្ណោះទេ ថែមទាំងកំពុងសាងសង់យន្តការជាក់ស្តែងឱ្យស្ថាប័នរដ្ឋ និងឯកជនធ្វើការជាមួយគ្នា ដើម្បីធានាបាននូវបរិយាកាសវិនិយោគប្រកបដោយតម្លាភាព និងទំនុកចិត្តខ្ពស់។

ស្ថាប័នទាំងពីរបានអំពាវនាវដល់ក្រសួង-ស្ថាប័នរដ្ឋ ធុរជន និងវិនិយោគិនជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ចូលរួមគាំទ្រការអនុវត្ត MoU នេះឱ្យកើតផលជាក់ស្តែង សំដៅឱ្យកម្ពុជាក្លាយជាទីតាំងវិនិយោគដែលមានទាំងភាពទាក់ទាញ ទាំងភាពស្អាតស្អំ ដើម្បីវឌ្ឍនភាព និងចីរភាពសេដ្ឋកិច្ចជាតិយូរអង្វែង៕