នគរបាលខេត្តកំពង់ស្ពឺ ឲ្យបញ្ឈប់ការលក់អាវយឺតមានពាក្យអសុរោះ
29-08-2026 08:57
(កំពង់ស្ពឺ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយណែនាំឲ្យបញ្ឈប់ជាបន្ទាន់នូវការលក់អាវយឺតដែលមានរំលេចពាក្យពេចន៍គ្រោតគ្រាត មិនសមរម្យ និងអសុរោះ ដែលបង្កផលប៉ះពាល់ដល់សីលធម៌សង្គម។
ការណែនាំនេះធ្វើឡើងក្រោយពីមានការរកឃើញការតាំងលក់អាវយឺតទាំងនោះនៅលើទីផ្សារ និងតាមបណ្ដាញសង្គម។
ដោយមានការណែនាំពីបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលផែនការងារសន្តិសុខ បានចុះស្រាវជ្រាវ និងណែនាំភ្លាមៗ។
កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងផែនការងារសន្តិសុខខេត្តកំពង់ស្ពឺ បានសហការជាមួយរដ្ឋបាលក្រុងច្បារមន អធិការដ្ឋាននគរបាលក្រុងច្បារមន ប៉ុស្តិ៍នគរបាលរដ្ឋបាលរកាធំ និងអ្នកគ្រប់គ្រងផ្សារកំពង់ស្ពឺ ចុះទៅធ្វើការអប់រំណែនាំដល់ម្ចាស់អាជីវកម្ម។
ជាលទ្ធផល ម្ចាស់ទំនិញលក់អាវយឺតឈ្មោះ ហៀង បញ្ញា ដែលបានផ្សព្វផ្សាយលក់តាមបណ្ដាញសង្គមហ្វេសប៊ុកផេកឈ្មោះ Sy Noth ត្រូវបានអញ្ជើញមកធ្វើកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសម្លៀកបំពាក់ដែលមានខ្លឹមសារគ្រោតគ្រាត មិនសមរម្យ និងអសុរោះដូចជា «ធ្វើល្អបានអាចម៍», «ចាញ់ជាព្រះ ឈ្នះជាអញ» និង «ជេរអញ អញជេរវិញ» ជាដើម។
សមត្ថកិច្ចបានរកឃើញអាវយឺតប្រមាណ ១៥អាវនៅសល់ និងបានធ្វើការអំពាវនាវដល់បងប្អូនអាជីវករ ក៏ដូចជាអ្នកប្រើប្រាស់ផ្ទាល់ មេត្តាកុំបន្តលក់ ឬប្រើប្រាស់អាវយឺតទាំងនេះតទៅទៀត ដើម្បីរួមចំណែកថែរក្សាសីលធម៌ និងវប្បធម៌ថ្លៃថ្នូររបស់សង្គមជាតិ។
























