FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ពិនិត្យព្យាបាលភ្នែកដោយឥតគិតថ្លៃដល់ពលរដ្ឋ

29-08-2026 08:03

(ភ្នំពេញ)៖ ប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី បានរៀបចំការពិនិត្យ និងព្យាបាលភ្នែកប្រគេន និងជូនដល់ថ្នាក់ដឹកនាំ សមណនិស្សិត និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ។

លោក ងួន ស្ដេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី មានប្រសាសន៍ថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចាត់ក្រុមវេជ្ជបណ្ឌិតចំនួន ៩រូប ដើម្បីជួយពិនិត្យ និងព្យាបាលភ្នែក និងផ្ដល់វ៉ែនតា រួមទាំងមានការវះកាត់ និងបកភ្នែក ក្នុងករណីមានអ្នកជំងឺត្រូវវះកាត់ និងបកភ្នែក ។

លោកបានបន្តថា ក្រោមព្រះទ័យសណ្ដោសប្រណី សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី គឺប៉ុស្តិ៍សុខភាពបានយកចិត្តទុកដាក់ផ្ដល់នូវសេវាជូនពលរដ្ឋជាប្រចាំ មានការពិនិត្យសុខភាព ពិនិត្យអេកូ ពិនិត្យឈាម ការវះកាត់តូច និងការផ្ដល់សេវាសុខាភិបាលជាច្រើនទៀត ដែលជាមធ្យមមានពលរដ្ឋមកទទួលសេវាចន្លោះពី៤០ ទៅ៥០នាក់ ខណៈថ្ងៃខ្លះឡើងដល់ជិត១០០នាក់ ។

បើតាមលោក ងួន ស្ដេចភក្តី បានបន្ថែមថា សកម្មភាពនៃការជួយពិនិត្យព្យាបាលជំងឺដល់ព្រះសង្ឃ ថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សមណនិស្សិត និស្សិត និងប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ គឺសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទឹកព្រះទ័យ ចង់ចូលរួមលើកកម្ពស់សុខុមាលភាពសង្គម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

គួរបញ្ជាក់ថា “ប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី” ក្រោមព្រះរាជកិច្ចសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី គឺមានការទ្រទ្រង់ថ្នាំពេទ្យពីក្រសួងសុខាភិបាល ការជួយឧបត្ថម្ភប្រចាំខែរបស់សប្បុរសជននានា ពិសេសការផ្ដល់ព្រះរាជអំណោយពីសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលក្នុងមួយខែៗប្រមាណ ៤ពាន់ដុល្លារ ៕