FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និស្សិតកម្ពុជា ចេញទៅសិក្សានៅចិន ប្តេជ្ញាប្រាប់បរទេសពីគោលការណ៍សន្តិភាពរបស់កម្ពុជា ដោយមិនឈ្លានពានប្រទេសដទៃ ហើយធ្វើជាមិត្តជាមួយប្រទេសទាំងអស់

29-08-2026 07:59

(កណ្ដាល)៖ ក្រុមសិស្សនិស្សិតកម្ពុជា ដែលទទួលបានអាហារូបករណ៍ពីគណបក្សប្រជាជនកម្ពុជា (CPP) ហើយទៅសិក្សាជំនាញផ្សេងៗក្នុងប្រទេសចិន បានប្ដេជ្ញានឹងប្រាប់ទៅកាន់បរទេស ពីគោលការណ៍សន្តិភាពរបស់កម្ពុជា និងមិនចង់ឈ្លានពានប្រទេសដទៃ ហើយចង់ធ្វើជាមិត្តជាមួយប្រទេសទាំងអស់ នៅលើពិភពលោក។

ក្នុងពេលធ្វើដំណើរទៅសិក្សានៅប្រទេសចិន កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រុមនិស្សិតបានឲ្យដឹងថា ពួកគេពិតជាមានក្ដីរំភើបរីករាយដែលទទួលបានអាហារូបករណ៍ពីគណបក្សប្រជាជនកម្ពុជា ទៅសិក្សានៅប្រទេសមហាអំណាចសេដ្ឋកិច្ច និងវិស័យបច្ចេកវិទ្យាជាដើម។ ការដែលបានទៅសិក្សានៅចិននេះ គឺពិតជាផ្ដល់ឱកាសដល់ពួកគេដើម្បីសិក្សាចំណេះជំនាញ និងដកស្រង់បទពិសោធន៍ល្អៗពីប្រទេសគេ មកចែករំលែកនៅកម្ពុជា ហើយក៏ប្ដេជ្ញាថា នឹងខិតខំរៀនសូត្រឲ្យបានចប់ ជាមួយនឹងការគោរពច្បាប់ទម្លាប់ប្រទេសចិន រក្សាក្រមសីលធម៌ មិនឲ្យខូចមុខខូចមាត់កម្ពុជា ជាពិសេសយកចំណេះដឹងមកចូលរួមអភិវឌ្ឍន៍ជាតិ។

ជាមួយគ្នានេះ ពួកគេបានសន្យា និងប្ដេជ្ញាថានឹងប្រាប់ទៅកាន់បរទេសដែលសិក្សានៅក្នុងសាកលវិទ្យាល័យជាមួយពួកគេ និងប្រជាជនចិន ពីគោលការណ៍សន្តិភាពរបស់កម្ពុជា និងការចូលរួមរក្សាសន្តិភាពពិភពលោក។ ហើយពួកគេក៏សន្យាថា នឹងផ្សព្វផ្សាយពីសក្ដានុពល និងតំបន់ទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ក្នុងនោះមានប្រាសាទបុរាណនានា ទីតាំងវប្បធម៌ អរិយធម៌ ព្រៃភ្នំ និងសមុទ្រជាដើម។

ក្នុងពេលដឹកនាំក្រុមនិស្សិតទៅសិក្សានៅប្រទេសចិន លោកបណ្ឌិត ស្រេង វង្សហៀង អនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រុមនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅចិនមានចំនួនជិត៣០នាក់ ដោយនៅពេលនេះត្រូវធ្វើដំណើរចំនួន១៧នាក់សិន ហើយនៅចុងខែនេះ នឹងធ្វើដំណើរទៅបន្ថែមទៀត។

លោកបានបន្តថា ពួកគេនឹងត្រូវទៅសិក្សានៅសាកលវិទ្យាល័យគូយចូវ ខេត្តគួយចូវ ក្រុងគួយយ៉ាង លើជំនាញបច្ចេកវិទ្យាកុំព្យូទ័រ (IT) និងជំនាញទីផ្សារ ដោយពួកគេត្រូវសិក្សាភាសាចំនួន ១ឆ្នាំ និងជំនាញ ២ឆ្នាំ។ លោកបណ្ឌិត ស្រេង វង្សហៀង បានបន្ថែមថា តាមរយៈក្រុមការងាររបស់លោក គឺបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅចិនបានជិត ៤០០នាក់ហើយ ដែលសិក្សាទៅលើជំនាញជាច្រើន ដូចជាជំនាញគ្រប់គ្រងពាណិជ្ជកម្ម សេដ្ឋកិច្ចអន្តរជាតិ អក្សរសាស្ត្រចិន វិទ្យាសាស្ត្រចិន ស្ថាបត្យកម្ម ឱសថសាស្ត្រ បច្ចេកវិទ្យាកុំព្យូទ័រ និងជំនាញជាច្រើនទៀត នៅក្រុងគួយយ៉ាង ខេត្តគួយចូវ នៃប្រទេសចិន។

លោកអនុប្រធានក្រុមការងារបានបញ្ជាក់ថា បច្ចុប្បន្ននេះ និស្សិតដែលទទួលអាហារូបករណ៍ទាំងអស់នោះ គឺមានសិក្សាឆ្នាំទី៣ ឆ្នាំទី៤ ខណៈមួយចំនួនគ្រោងបញ្ចប់នៅឆ្នាំក្រោយ ហើយបន្ទាប់ពីមកកម្ពុជាវិញ ពួកគេនឹងទទួលបានការបណ្ដុះបណ្ដាលបន្ថែម ដើម្បីទទួលបានឱកាសការងារទៅតាមជំនាញរបស់ពួកគេ។

សូមជម្រាបជូនថា៖ នាពេលនេះនិស្សិតដែលទទួលអាហារូបករណ៍ទាំងអស់បានមកដល់សាកលវិទ្យាល័យគូយចូវ ខេត្តគួយចូវ ក្រុងគួយយ៉ាង ដោយសុវត្ថិភាព និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតពីសំណាក់នាយកសាកលវិទ្យាល័យគូយចូវផងដែរ៕