FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ​ណៈប្រតិភូ នៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា

28-08-2026 22:06

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយគ​ណៈប្រតិភូ នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដឹកនាំ​ដោយលោក Syed Yusaf Raza Gilani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ប្រធានគណ:ប្រតិភូ​ នៃ ISC បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ ​ប្រកបដោយ​ជោគជ័យ​។

លោកបានសង្កត់ធ្ងន់ថាវេទិកា ISC បានត្រូវបង្កើតឡើង ដោយឈរលើទស្សនាទាននៃសន្តិភាព, ស្ថិរភាព​ និងការអភិវឌ្ឍ ព្រមទាំងការលើកកម្ពស់​ការគោរពច្បាប់អន្តរជាតិ រួមទាំង ធម្មនុញ្ញអង្គការសហប្រជាជាតិ, សំដៅចូលរួមចំណែកធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងសកលលោក។ លោក​ប្រធានគណៈប្រតិភូ​ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងការទូត និងការផ្លាស់ប្តូរទស្សនកិច្ចរវាងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីគាំទ្រដល់ការកសាង និងការរក្សាសន្តិភាព និង​ស្ថិរភាព។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទ ISC-2 នៅកម្ពុជា។ សម្តេចធិបតី បានគូសបញ្ជាក់ពីតួនាទីគន្លឹះរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលបំពេញបន្ថែមឱ្យស្ថាប័ននីតិប្រតិបត្តិក្នុងការកសាងទំនាក់ទំនង​ និង​កិច្ចសហប្រតិ​បត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សន្តិភាពមានតម្លៃជាសារវន្ត សម្រាប់ការអភិវឌ្ឍ ។ ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី បានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការបញ្ចប់សង្គ្រាមទាំងស្រុង ប្រកបដោយជោគជ័យ​ ដែល​បាន​នាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសជាប្រវត្តិសាស្ត្រ​ តាមរយៈ​ «នយោបាយឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន។ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាពយូរអង្វែងជាមួយបណ្តាប្រទេសជិតខាងទាំងអស់។

មុននឹងបញ្ចប់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនគណៈប្រតិភូ​ នៃសន្និសីទប្រធានសភា​ នៃអន្តរសភា លើកទី២ អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕