FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមឥស្លាមកម្ពុជា ចំនួន៥ ចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP)

28-08-2026 21:59

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សមាគមឥស្លាមកម្ពុជាចំនួន៥ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ក្រោមវត្តមានលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោក Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព ដែលមានស្នាក់ការកណ្តាល នៅសាធារណរដ្ឋម៉ាល់តា ក្នុងឱកាសអញ្ជើញមកកម្ពុជា ដើម្បីចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការចុះ MoU នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរ និងពិភាក្សាដេញដោលតាមបែបបញ្ញវន្ត ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពយុវជន វិស័យអប់រំ និងវិស័យសុខាភិបាល។ សមាគមឥស្លាមទាំង៥ ខាងលើរួមមាន៖ សមាគមសហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU), សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA), សមាគមគ្រូបង្រៀនខ្មែរឥស្លាម (CAMTA), សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា(CATA) និងសមាគមជំនួយវេជ្ជសាស្ត្រឥស្លាម ដើម្បីមនុស្សធម៌កម្ពុជា (IMR-CHA)។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបង្ហាញសេចក្តីសោមនស្សរីករាយជាខ្លាំង និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនេះ។ លោកបានគូសបញ្ជាក់ថា ការចុះអនុស្សរណៈនេះ នឹងក្លាយជាផ្លែផ្កា និងជាស្ពានចងភ្ជាប់កិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ រវាងសមាគមឥស្លាមនៅកម្ពុជា ជាមួយស្ថាប័នអន្តរជាតិ GCTP ដើម្បីរួមចំណែកលើកកម្ពស់សុខសន្តិភាព ភាពអត់ឱន និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ចំណែកលោក Ahmed bin Mohamed Aljarwan បានលើកឡើងថា ការចុះ MoU នាពេលនេះ គឺជាស្ពានចងភ្ជាប់កិច្ចសហប្រតិបត្តិការប្រកបដោយការគោរព និងយោគយល់គ្នាទៅវិញទៅមក រវាងស្ថាប័នទាំងពីរ ព្រមទាំងបន្តរឹតចំណងមិត្តភាពជិតស្និទ្ធជាមួយកម្ពុជាបន្ថែមទៀត ខណៈកន្លងមក GCTP ក៏ធ្លាប់បានចុះ MoU ជាមួយរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកបានគូសបញ្ជាក់ ថាបច្ចុប្បន្ន GCTP កំពុងផ្តោតសំខាន់លើវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដល់សិស្ស-និស្សិតកម្ពុជាទាំងឥស្លាម និងមិនមែនឥស្លាមដោយមិនរើសអើងនោះទេ។

លើសពីនេះ ស្ថាប័ន GCTP ក៏មានបំណងបង្កើតមជ្ឈមណ្ឌលអប់រំ និងសកម្មភាពសង្គមនៅកម្ពុជា ដើម្បីរៀបចំកម្មវិធីសិក្សា បណ្តុះបណ្តាល និងពង្រឹងសាមគ្គីភាពក្នុងសហគមន៍ទូទៅឱ្យកាន់តែរឹងមាំ។ ជាមួយគ្នាដែរ លោកក៏មានគម្រោងចុះសួរសុខទុក្ខ តាមសហគមន៍ឥស្លាមកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅជាក់ស្តែងរបស់សហគមន៍ ជាពិសេសក្នុងអំឡុងខែបុណ្យរ៉ម៉ាឌន និងបុណ្យផ្សេងៗទៀត៕