លោកស្រី នាង ហ៊ាប ច្រានចោលការចោទថាលោកស្រីរំលោភយកដីអាជ្ញាប័ណ្ណ និងរំលោភដីពលរដ្ឋដែលផ្ទុយពីការពិតទាំងស្រុង
28-08-2026 21:56
(កំពង់ស្ពឺ)៖ លោកស្រី នាង ហ៊ាប បានធ្វើការច្រានចោលទាំងស្រុង ចំពោះលិខិតបំភ្លឺរបស់ក្រុមហ៊ុន CHHC កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ដោយធ្វើការចោទថា លោកស្រី មិនមែនជាអ្នករងគ្រោះនោះទេ ផ្ទុយទៅវិញគឺលោកស្រីជាអ្នករំលោភយកដីពលរដ្ឋ និងដីអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន។
លោកស្រី នាង ហ៊ាប បានធ្វើការគូសបញ្ជាក់ថា ដីស្ថិតនៅភូមិត្រាង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលក្រុមហ៊ុនថ្មអា និង ថ្មសំណង់ CHHC ទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងរ៉ែ និងថាមពលនោះ គឺជាដីដែលក្រុមគ្រួសារលោកស្រី បានរួមគ្នាប្រមូលទិញពីប្រជាពលរដ្ឋតាំងពីឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់ ដោយមានលិខិតផ្ទេរសិទ្ធកាន់កាប់ និង ប្លង់រឹង ថែមទៀតផង។
លោកស្រីបានបន្ថែមថា ចាប់តាំងពីលោកស្រីបានទិញដីមកគឺលោកស្រី បានប្រើប្រាស់អាស្រ័យផល ដោយធ្វើស្រែចំការ ពោត ដំឡូង ចេក តាំងពីពេលនោះរហូតមកដល់ពេលបច្ចុប្បន្នពុំដែលអាក់ខានឡើយ ដែលមានអាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត រួមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏បានឃើញនិងដឹងឮផងដែរ។ លើសពីនេះ ពលរដ្ឋក្នុងមូលដ្ឋានក៏ទទួលបានការងារជាកម្មករ ក្នុងការដាំដុះ និងប្រមូលផល ក្នុងវិស័យកសិកម្មរបស់លោកស្រីយ៉ាងច្រើនគ្រួសារ ជាចំណែកនៃការជួយសម្រួលដល់ជីវភាពរបស់ប្រជាជនក្នុងសហគមន៍ផងដែរ។
ដូចគ្នានេះ លោកស្រី នាង ហ៊ាប ក៏បានធ្វើការឆ្លើយតបទៅក្រុមហ៊ុន CHHC បន្តថា ចំពោះផ្លូវក៏ត្រូវបានលោកស្រីជាអ្នកធ្វើផ្លូវជុំវិញដី និងជួសជុលជាប្រចាំ មិនដូចការលើកឡើងរបស់ក្រុមហ៊ុន CHHC ឡើយ។
លោកស្រីបញ្ជាក់ដោយសង្កត់ចំៗថា ភស្តុតាងជាក់ស្តែង គឺលោកស្រីមានរបងថ្មផ្នែកខាងមុខ មានកាយព្រំប្រទល់ដី និងធ្វើផ្លូវព័ទ្ធជុំវិញ ដែលមានបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះ ហើយមានសង់ផ្ទះចំនួន២កន្លែងនៅលើដីថែមទៀតផង ដែលនេះជាភស្តុតាងយ៉ាងច្បាស់មិនអាចប្រកែកបាន។
ជាមួយគ្នានេះ លោកស្រី នាង ហ៊ាប គោរពស្នើសុំឯកឧត្តមបណ្ឌិតអភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការខេត្តដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងក្រសួងពាក់ព័ន្ធនិងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាជួយផ្តល់យុត្តិធម៌ជូនលោកស្រី ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀត ដែលត្រូវបានក្រុមហ៊ុន CHHC សុំអាជ្ញាប័ណ្ណ រំលោភលើដីរបស់ពួកគាត់ មេត្តាសម្រេចប្រគល់ដីអោយពួកគាត់វិញ ហើយការចុះទៅដល់ទីតាំងដីរបស់ក្រុមការងារថ្នាក់ខេត្តធ្វើអោយលោកស្រី ព្រមទាំងប្រជាពលរដ្ឋ មានការសប្បាយចិត្ត និងមានជំនឿចិត្តថានិងទទួលបាននូវយុត្តិធម៌ក្នុងពេលដ៏ខ្លីខាងមុខ៕



















