FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាកម្លាំងសមត្ថកិច្ចបន្ដបង្ក្រាបបទល្មើស Online Scams ដោយគ្មានការលើកលែង និងមិនបង្អង់ដៃដាច់ខាត

28-08-2026 21:51

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដដាក់បទបញ្ជាដល់កម្លាំងសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្ដប្រតិបត្តិការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយគ្មានការលើកលែង និងមិនបង្អង់ដៃនោះឡើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំពេញអង្គ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះយន្ដការពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយទទួលបាននូវលទ្ធផលយ៉ាងធំធេងជាបន្ដបន្ទាប់។

បើទោះបីលទ្ធផលបានល្អនាពេលកន្លងមកយ៉ាងណាក្ដី សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅតែបន្ដដាក់បទបញ្ជាជាថ្មីឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបបណ្ដាញឆបោកដែលនៅសេសសល់ ដោយមិនលើកលែង និងមិនបង្អង់ដៃឡើយ៕