ពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល «ភូមិមួយផលិតផលមួយ» ជាឱកាសសម្រាប់បង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកដៃគូសហការទីផ្សារថ្មីៗ
28-08-2026 21:31
(សៀមរាប)៖ លោក យុន លីនណេ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនា «ភូមិមួយផលិតផលមួយ» ខេត្តសៀមរាប បានលើកឡើងថា ពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល «ភូមិមួយផលិតផលមួយ» ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុក ជាពិសេសផលិតផលសហគមន៍ អាជីវកម្មខ្នាតតូច និងមធ្យម និងសហគ្រិនច្នៃប្រឌិតក្នុងខេត្តសៀមរាប។
ការថ្លែងយ៉ាងដូច្នេះរបស់លោក យុន លីនណេ នៅក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល «ភូមិមួយផលិតផលមួយ» ឆ្នាំ២០២៦ នៅខេត្តសៀមរាប បានបើកជាផ្លូវការ ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ ដោយចាប់ពីថ្ងៃទី២៨-៣០ ខែសីហា ឆ្នាំ២០២៦នេះ នៅផ្សារទំនើបហេរីថេកវ៉ក ក្រុងសៀមរាប ដោយមានការចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត និងពាក់ព័ន្ធផងដែរ។
លោកបន្តថា ពិព័រណ៍ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល «ភូមិមួយផលិតផលមួយ» គឺដើម្បីផ្សារភ្ជាប់ និងជំរុញខ្សែសង្វាក់នៃផលិតផលក្នុងស្រុក ចាប់តាំងពីការដាំដុះ ការផលិត កែច្នៃ ចែករំលែករហូតដល់ការប្រើប្រាស់ និងការពង្រីកទីផ្សារ។ ក្នុងនោះដែរ កសិករដែលជាអ្នកដាំដុះ អាចយល់ដឹងពីតម្រូវការរបស់អ្នកផលិត ហើយម្ចាស់អាជីវកម្មអាចបង្ហាញផលិតផល ស្នាដៃ សក្ដានុពល និងអត្តសញ្ញាណរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកចែករំលែក អ្នកទិញ និងដៃគូពាណិជ្ជកម្មផងដែរ។
លោកបានបន្តថា ពិព័រណ៍ពាណិជ្ជកម្មនេះ ក៏ជាឱកាសមួយសម្រាប់បង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងស្វែងរកដៃគូសហការទីផ្សារថ្មីៗ ដើម្បីជួយឱ្យផលិតផលក្នុងស្រុកមានសមត្ថភាពប្រកួតប្រជែង និងអាចពង្រីកការលក់បានកាន់តែទូលំទូលាយ ប្រកបដោយចីរភាព។
លោកបន្ថែមថា ការគាំទ្រផលិតផលខ្មែរ គឺជាស្ពានមួយដែលបង្ហាញឱ្យឃើញពីស្នេហាជាតិ ការចូលរួម និងជាភាគទានមួយជួយទៅដល់ប្រជាកសិករអ្នកដាំដុះ ជួយឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងជួយដល់សេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។ ការងារនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្ត និងគណៈកម្មាធិការជំរុញចលនា «ភូមិមួយផលិតផលមួយ» ថ្នាក់ខេត្ត នឹងបន្តណែនាំដល់ម្ចាស់ផលិតផល ឬអាជីវករដែលទទួលបានវិញ្ញាបនបត្រ ឱ្យបន្តខិតខំបំពេញបច្ចេកទេស និងទទួលការណែនាំពីថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងស្ដង់ដារបច្ចេកទេសនៃផលិតផលរបស់ខ្លួន។
សូមជម្រាបថា ដើម្បីបង្កើនបរិយាកាសឱ្យកាន់តែអ៊ូអរ និងជំរុញការផ្សព្វផ្សាយផលិតផលស្រុក ឱ្យកាន់តែទូលំទូលាយ ក៏មានរៀបចំកម្មវិធីប្រកួតប្រជែងពិសេសចំនួន២ រួមមាន៖ ទី១ គឺការប្រកួតផលិតវីដេអូខ្លី និងទី២ ការប្រកួតផ្សព្វផ្សាយផលិតផលដោយផ្ទាល់លើវេទិកា ដើម្បីឡើងធ្វើបទបង្ហាញផ្សព្វផ្សាយផលិតផលផ្ទាល់នៅលើឆាក និងទទួលបានរង្វាន់ពីកម្មវិធីផងដែរ៕















