FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តព្រះវិហារ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតថ្នាំញៀន៧៧៤គ្រាប់ និងសម្ភារពាក់ព័ន្ធជាច្រើន

28-08-2026 21:19

(ព្រះវិហារ)៖ ដោយអនុវត្តតាមការដឹកនាំ និងចង្អុលបង្ហាញរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានចាត់កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប ចុះបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅចំណុចផ្ទះឈ្មោះ ជួន ទៀ ស្ថិតក្នុងភូមិសួង ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានជនជាតិខ្មែរម្នាក់ និងជនជាតិឡាវ៣នាក់ រួមមាន៖

១៖ ឈ្មោះ ជួន ទៀ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិសួង ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ
២៖ ឈ្មោះ ស៊ូលីយ៉ាក់ចាក់ លឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ រស់នៅភូមិស្រឡៅស្រោង ឃុំណាឌី ស្រុកមឿងម៉ុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ
៣៖ ឈ្មោះ សូទីថន ពើម ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ រស់នៅភូមិបានញ៉ាង ឃុំណាឌី ស្រុកមឿងម៉ុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ
៤៖ ឈ្មោះ ចាន់ឌី មឿង ហៅ ឌី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិឡាវ មុខរបរកសិករ រស់នៅភូមិបានញ៉ាង ឃុំណាឌី ស្រុកមឿងម៉ុន ខេត្តចំប៉ាសាក់ ប្រទេសឡាវ។

ជាមួយគ្នានេះ សមត្ថកិច្ចបានដកហូតវត្ថុតាង និងសម្ភារពាក់ព័ន្ធមួយចំនួន រួមមាន ថ្នាំគ្រាប់ប្រភេទហ្វេតាមីន (WY) ចំនួន៧៧៤គ្រាប់, ម៉ូតូចំនួន២គ្រឿង, ទូរស័ព្ទដៃចំនួន៣គ្រឿង, អាវុធកែច្នៃចំនួន៣ដើម, គ្រាប់ AK-47 ចំនួន៨គ្រាប់, គ្រាប់កាជីបចំនួន២៨គ្រាប់, ដាវស្រួចចំនួន២ដើម និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង មធ្យោបាយ និងសម្ភារដែលដកហូតបាន ត្រូវបានសមត្ថកិច្ចជំនាញរៀបចំតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕