FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ តំណាងនាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាទទួលភត្ត នៅវត្តព្រែកអំបិល

28-08-2026 21:10

(កណ្ដាល)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ សាលាទទួលភត្ត ដែលមានទំហំបណ្តោយ ៣១.៣មែត្រ ទទឹង ១៥ម៉ែត្រ និងកម្ពស់ ១៧.៦ម៉ែត្រ ស្ថិតនៅក្នុងវត្តព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដោយមានការចូលរួមពីព្រះសង្ឃ អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទ និងសប្បុរសជនជាច្រើនកុះករ។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានឱ្យដឹងថា សាលាទទួលភត្ត មាន តួនាទីសំខាន់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ព្រះសង្ឃ និងសកម្មភាពព្រះពុទ្ធសាសនា ដោយអាចប្រើប្រាស់សម្រាប់រៀបចំភត្តាហារ កិច្ចជួបជុំក្នុងពិធីបុណ្យប្រពៃណី ពិធីសូត្រមន្ត ស្តាប់ធម៌ទេសនា និងសកម្មភាពសាសនាផ្សេងៗ។ សាលាទទួលភត្ត និងបញ្ជុះបឋមសិលាសាងសង់នាពេលនេះក៏ជួយសម្រួលដល់ការប្រតិបត្តិកិច្ចរបស់ព្រះសង្ឃ និងការចូលរួមធ្វើបុណ្យរបស់ពុទ្ធបរិស័ទ ឱ្យកាន់តែមានភាពងាយស្រួល និងសក្តិសមតាមប្រពៃណីព្រះពុទ្ធសាសនា។

ការកសាងនេះ មិនត្រឹមតែជាការកសាងអគារមួយប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ព្រមទាំងបន្តទំនៀមទម្លាប់ប្រពៃណីល្អរបស់ខ្មែរ។ នៅពេលសាលាភត្តត្រូវបានសាងសង់រួចរាល់ សមិទ្ធផលនេះនឹងផ្តល់នូវឧត្តមប្រយោជន៍ជាច្រើនដល់វត្តព្រែកអំបិល និងសហគមន៍មូលដ្ឋាន។ ជាពិសេសនឹងក្លាយជាទីកន្លែងសមរម្យសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទប្រើប្រាស់ក្នុងពិធីបុណ្យ និងកិច្ចការសាសនា ព្រមទាំងជួយបង្កើនសោភ័ណភាព សណ្តាប់ធ្នាប់ និងភាពសក្តិសមរបស់ទីអារាម។

ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកស្រី ឆាយ សាលីន ក៏បានបង្ហាញនូវសទ្ធាជ្រះថ្លា និងការចូលរួមចំណែកក្នុងការកសាងសាលាភត្ត នូវបច្ច័យចំនួន ៤០លានរៀល ដើម្បីជាការចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណី និងសាសនាខ្មែរ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់៕