FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៖ ពិព័រណ៍គឺជាយន្តការដ៏សំខាន់មួយ សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម., សូមលើកទឹកចិត្តឲ្យក្រុមហ៊ុនក្នុងស្រុក បង្កើនស្តង់ដារផលិតផល និងការវេចខ្ចប់ ព្រមទាំងពង្រីកទៅក្នុងទីផ្សារឌីជីថល

28-08-2026 20:16

(ភ្នំពេញ)៖ លោក សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានថ្លែងឲ្យដឹងថា ពិព័រណ៍គឺជាយន្តការដ៏សំខាន់មួយ សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម។ ដូច្នេះសូមលើកទឹកចិត្តឲ្យក្រុមហ៊ុនក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិ បង្កើនយន្តការជំនួបពាណិជ្ជកម្មបង្កើន ស្តង់ដារផលិតផល ក្នុងនោះក្រុមហ៊ុនក្នុងស្រុកក៏ត្រូវបង្កើនស្តង់ដារផលិតផល និងការវេចខ្ចប់ ព្រមទាំងពង្រីកទៅក្នុងទីផ្សារឌីជីថល។

ការលើកឡើងរបស់លោក សំហេង បូរ៉ា ធ្វើឡើងនៅក្នុងពិធីបើកជាផ្លូវការនៃ ព្រឹត្តិការណ៍ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

លោក សំហេង បូរ៉ា បានថ្លែងឲ្យដឹងថា «ពិព័រណ៍គឺជាយន្តការដ៏សំខាន់មួយ សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្ម សម្រាប់អ្នករៀបចំពិព័រណ៍ ខ្ញុំសូមអំពាវនាវឱ្យមានការយកចិត្តទុកដាក់ កាន់តែខ្លាំងលើលទ្ធផលពាណិជ្ជកម្ម នៃពិព័រណ៍រួមទាំងកម្មវិធីជំនួបពាណិជ្ជកម្ម B2B ដែលមានរចនាសម្ព័ន្ធច្បាស់លាស់, ការធ្វើបទបង្ហាញខ្លីខ្លឹមសម្រាប់អ្នកវិនិយោគគោលដៅ និងការតាមដានជាប្រព័ន្ធ ដើម្បីតាមដានលទ្ធផលអាជីវកម្ម បន្ទាប់ពីពិព័រណ៍បញ្ចប់»

លោកបានបញ្ជាក់ថា ពិព័រណ៍មិនគួរចប់ត្រឹមពេលដែលព្រឹត្តិការណ៍ ត្រូវបានបិទបញ្ចប់នោះទេ ប៉ុន្តែត្រូវមានកិច្ចខិតខំប្រឹងប្រែងតាមដាន ដើម្បីប្រែក្លាយទំនាក់ទំនងទាំងនោះ ឱ្យទៅជាលទ្ធផលពាណិជ្ជកម្មជាក់ស្តែង។ ក្នុងនោះសូមជំរុញឱ្យអាជីវកម្មនានា ឈានផ្លាស់ប្តូរឱ្យហួសពី ការផលិតតាមបែបប្រពៃណី ដោយកែលម្អស្តង់ដារផលិតផល ការវេចខ្ចប់ និងការទទួលបានវិញ្ញាបនបត្រ គុណភាពអន្តរជាតិ ព្រមទាំងទាញយកប្រយោជន៍ ឱ្យបានកាន់តែច្រើនពីទីផ្សារឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្សែច្រវាក់ផ្គត់ផ្គង់សកលដែលកំពុងផ្លាស់ប្តូរ។

លោក សំហេង បូរ៉ា បានថ្លែងបន្ថែថា កម្ពុជាមិនត្រូវមើលឃើញត្រឹមតែជាទីផ្សារសម្រាប់ទំនិញ និងសេវាកម្មប៉ុណ្ណោះទេ តែកម្ពុជាជាដៃគូ ដែលមានសក្តានុពល សម្រាប់ការផលិត ការវិនិយោគ និងការចែកចាយ ព្រមទាំងជាទ្វារចូលទៅកាន់ទីផ្សារ ក្នុងតំបន់ដ៏ទូលំទូលាយផងដែរ។

លោក ង្វៀន បាវិញ អ្នករៀបចំព្រឹត្តិការណ៍ស៊េរីពិព័រណ៍កម្ពុជា ឆ្នាំ២០២៦ បានថ្លែងឲ្យដឹងថា ពិព័រណ៍អន្តរជាតិរយៈពេលបីថ្ងៃនេះ នឹងក្លាយជាកម្មវិធីដ៏រស់រវើក ក្នុងការភ្ជាប់ទំនាក់ទំនងអាជីវកម្មកម្ពុជា ជាមួយអ្នកផ្គត់ផ្គង់ និងអ្នកជំនួញក្នុងវិស័យឧស្សាហកម្ម មកពីជុំវិញពិភពលោក ពិសេសមកពីប្រទេសវៀតណាម។

លោកបានបន្ថែមថា ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកតាំងពិព័រណ៍មកពីកម្ពុជា និងទីផ្សារអន្តរជាតិចំនួន១៩ ដោយបង្ហាញពីផលិតផល បច្ចេកវិទ្យា និងសេវាកម្ម ដែលគាំទ្រដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងវិស័យផលិតកម្មសំខាន់ៗជាច្រើនទៀត៕