FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរស្រុកខ្សាច់កណ្តាល ចុះណែនាំម្ចាស់ទីតាំងលក់សម្លៀកបំពាក់ឱ្យបញ្ឈប់ការលក់អាវមានពាក្យមិនសមរម្យ

28-08-2026 19:34

(កណ្ដាល)៖ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក អែតដា ដូរ៉ាមី អភិបាលរងស្រុកខ្សាច់កណ្តាល តំណាងលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យ និងណែនាំដល់ម្ចាស់ទីតាំងលក់សម្លៀកបំពាក់មួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃចាស់ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ការចុះពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារបានរកឃើញអាវមួយចំនួនដែលមានបោះពាក្យពេចន៍មិនសមរម្យ ដូចជា "គេ PUBLIC អញ PRIVATE" ដែលអាចបង្កផលប៉ះពាល់ដល់សីលធម៌សង្គម និងវប្បធម៌ប្រពៃណីខ្មែរ។

ក្នុងប្រតិបត្តិការនេះ មានការចូលរួមពីលោក កុសល បញ្ញារិទ្ធិ អនុប្រធានការិយាល័យនីតិកម្ម លោកស្រី ភុន សឺន អនុប្រធានការិយាល័យសង្គមកិច្ច លោក ហន សរ អនុប្រធានការិយាល័យសេដ្ឋកិច្ច លោក ហុង បញ្ញា ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិ ព្រមទាំងម្ចាស់ទីតាំងផ្ទាល់ផងដែរ។

ក្រោយការពិនិត្យ ក្រុមការងារបានណែនាំដល់ឈ្មោះ ពឿន ធារី ដែលជាម្ចាស់ទីតាំងលក់សម្លៀកបំពាក់ខាងលើ ឱ្យបញ្ឈប់ជាបន្ទាន់នូវការទិញលក់អាវដែលមានពាក្យអសុរស និងពាក្យមិនសមរម្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះ ម្ចាស់ទីតាំងក៏ត្រូវបានស្នើសុំឱ្យលុបវីដេអូដែលបានបង្ហោះក្នុងបណ្ដាញសង្គមពាក់ព័ន្ធនឹងអាវទាំងនោះកន្លងមកផងដែរ។

លោកស្រី ពឿន ធារី ក៏បានយល់ព្រមដោយស្ម័គ្រចិត្តអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីរួមចំណែកថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសីលធម៌សង្គម។

សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុកខ្សាច់កណ្តាល ក្នុងការគ្រប់គ្រង និងទប់ស្កាត់ការផ្សព្វផ្សាយនូវខ្លឹមសារមិនសមរម្យ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សង្គម ជាពិសេសយុវជន៕