សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ កម្ពុជាប្រកាសប្រឆាំងដាច់ខាតចំពោះ «ច្បាប់ព្រៃ» និងការប្រើកម្លាំងបំពានអធិបតេយ្យភាព
28-08-2026 17:01
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និសីទប្រធានសភាអន្តរជាតិលើកទី២ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីជំហរឥតកែប្រែរបស់កម្ពុជា ក្នុងការគោរពច្បាប់អន្តរជាតិ និងការការពារអធិបតេយ្យភាពជាតិ ដោយសម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាតមិនទទួលយកការប្រើប្រាស់កម្លាំងយោធាដើម្បីផ្លាស់ប្តូរព្រំដែនឡើយ។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា៖ «ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍បូរណភាពទឹកដី និងអធិបតេយ្យភាព។ យើងដាច់ខាតមិនទទួលយកការប្រើប្រាស់កម្លាំងបំពានដើម្បីផ្លាស់ប្តូរព្រំដែនអន្តរជាតិឡើយ ដោយគោលការណ៍នេះត្រូវតែស្ថិតនៅបេះដូងនៃកាតព្វកិច្ចរួមរបស់យើងចំពោះសន្តិភាព និងនយោបាយការបរទេស»។
សម្តេចបានបន្ថែមទៀតថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងខ្លាំងពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះនៃទំនុកចិត្តសកល ដូច្នេះកម្ពុជាសូមអំពាវនាវឱ្យលុបបំបាត់ទម្លាប់អាក្រក់ទាំងនេះចេញ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា៖ «យើងចាំបាច់ត្រូវពង្រឹងវិធាន បទដ្ឋាន និងគ្រឹះស្ថានអន្តរជាតិ ។ ក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបដិសេធ "ច្បាប់ព្រៃ" និង ទស្សនៈដែលថា «អ្នកខ្លាំងគឺជាអ្នកត្រូវ»៕



