រាជរដ្ឋាភិបាល ផ្តល់ប្រាក់ឧបត្ថម្ភជិត ៥០០ពាន់លានរៀល គាំពារស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ
28-08-2026 16:48
(ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាសរុបប្រមាណ ៤៨៦,៦១៣លានរៀល ឬជិត ៥០០ពាន់លានរៀល ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភ និងការគាំពារជូនសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ។
តាមទិន្នន័យរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងរយៈពេលជាង៨ឆ្នាំនេះ មានសមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះសរុប ៧៩៩,១២៣នាក់ ដែលទទួលបានការគាំពារតាមរយៈការពិនិត្យផ្ទៃពោះមុនសម្រាល ពេលសម្រាល ក្រោយសម្រាល និងការចាក់វ៉ាក់សាំងជូនកូន ដោយមានចំនួនកូនសរុប ៨៩២,០៧៥នាក់។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលមានគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារ ព្រមទាំងជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារកម្មករនិយោជិត។
លោកបានបញ្ជាក់ថា៖ «ការផ្តល់ប្រាក់ឧបត្ថម្ភនេះ មិនត្រឹមតែជួយសម្រាលបន្ទុកចំណាយរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធគាំពារសង្គម និងធានាឱ្យមាតា និងកុមារទទួលបានការគាំពារសុខភាពកាន់តែប្រសើរ»។
សមាជិក ប.ស.ស. និងកម្មករនិយោជិតដែលត្រូវការព័ត៌មានបន្ថែមពាក់ព័ន្ធនឹងអត្ថប្រយោជន៍របបសន្តិសុខសង្គម អាចទាក់ទងទៅលេខ ១២៨៦៕







